logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ ដើម្បីពិនិត្យនិងអនុម័តលើរបាយការណ៍រីកចម្រើនរបស់ខេត្ត
198
06-March-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យនិងអនុម័តលើរបាយការណ៍រីកចម្រើនរបស់ខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមីនា ឆ្នាំ២០២៥នេះ។ 


កិច្ចប្រជុំនេះ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត នាយក/នាយករងរដ្ឋបាលខេត្ត ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត តំណាងសាលាតំបូងខេត្ត នាយក/នាយករងរដ្ឋបាល នាយក/នាយករង ទីចាត់ការនៃរដ្ឋបាលខេត្ត ព្រមទាំងអ្នកដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។ 


ថ្លែងដឹកនាំកិច្ចប្រជុំ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម។


ឯកឧត្តម បានកោតសរសើចំពោះកិច្ចខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្រុង/ស្រុក និងមូលដ្ឋាន ក្នុងការបំពេញភារកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើឱ្យខេត្តមានការអភិវឌ្ឍ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ និងមានការទទួលស្គាល់ពីសំណាក់ប្រជាពលរដ្ឋទូទៅនៅមូលដ្ឋាន។


ជាមួយគ្នានេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត/ក្រុង/ស្រុក ត្រូវពង្រឹងសន្តិសុខ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងការត្រៀមទទួលថ្នាក់ដឹកនាំជាតិ និងអន្តរជាតិសំខាន់ៗ អញ្ជើញមកលេងកម្សាន្តនិងចូលរួមសម្ដែងការគួរសម អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។


ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ គណៈកម្មការទទួលបន្ទុករៀបចំផែនការសកម្មភាព ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមឱ្យប្រព្រឹត្តការណ៍ដ៏សំខាន់នេះ ទៅដោយរលូនទទួលបានសុវត្ថិភាពខ្ពស់។ ម្យ៉ាងទៀត ត្រូវបំផុសការផ្សព្វផ្សាយក្នុងការថែរក្សាវប្បធម៌ជាតិ និងបង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត តាមរយៈការបង្កើតឱ្យការលេងល្បែងប្រជាប្រិយខ្មែរ និងកម្មវិធីសង្ក្រាន្តទៅតាមតំបន់កម្សាន្ត តំបន់រដ្ឋបាលខេត្ត/ស្រុក/ក្រុង/មន្ទីរ/អង្គភាព ស្ថាប័ននិងតាមភូមិ/ឃុំ/សង្កាត់នានាជាដើម។

 

គូសបញ្ជាក់ថា៖ កិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ មានរបៀបវារៈចំនួន៤ រួមមាន ៖ ១ -ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ៣ -ពិនិត្យ ពិភាក្សានិងអនុម័តលើសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) សម្រាប់អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ៤-បញ្ហាផ្សេងៗ (ស្តាប់របាយការណ៍របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត)៕


ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ