

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ សំណេះសំណាល និងត្រួតពិនិត្យការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ សង្កាត់លេខ២ និងសង្កាត់លេខ៤ នៃអធិការដ្ឋានក្រុងព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានពិនិត្យការអនុវត្តការងារជំនាញ ការរៀបចំរដ្ឋបាល ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ព្រមទាំងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ដល់កម្លាំងនគរបាលប៉ុស្តិ៍ទាំងអស់ ឱ្យបន្តពង្រឹងវិន័យ សាមគ្គីភាព ក្រមសីលធម៌វិជ្ជាជីវៈ លើកកម្ពស់គុណភាពសេវាសាធារណៈ និងបង្កើនការចុះមូលដ្ឋាន ដើម្បីបម្រើ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ












