logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ជាង៣ខែមកនេះ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរ៤៧២នាក់ កើនឡើងជាងត្រីមាសទី១ឆ្នាំ២០២៥ ដែលត្រូវបង្កើនការប្រុងប្រយ័ត្ននាឱកាសចូលឆ្នាំថ្មីនេះ
474
13-April-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ក្នុងរយៈពេល៣ខែនឹង១០ថ្ងៃដើមឆ្នាំនេះ គិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៧១០ករណី បណ្តាលឱ្យមនុស្សស្លាប់៤៧២នាក់ និងបង្កឱ្យមានអ្នករងរបួសធ្ងន់ស្រាលរហូតដល់១.១១៤នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។


បើតាមអ្នកនាំពាក្យរង មូលហេតុនាំឱ្យកើតមានសោកនាដកម្មលើដងផ្លូវទាំងនេះ បណ្តាលបើកបរលើសល្បឿនចំនួន៤៦% មិនគោរពសិទ្ធិអាទិភាព២១% មិនប្រកាន់ស្ដាំ១២% បើកប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៨% បត់មិនប្រយ័ត្ន៦% ស្រវឹង៤% មិនគោរពសញ្ញាចរាចរណ៍២%។ល។ លោកបញ្ជាក់ថា រាជធានីភ្នំពេញមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ចំនួន២៣៣លើក ខេត្តកណ្ដាល៥១លើក ព្រះសីហនុ៤៩លើក កំពង់ស្ពឺ៣១លើក និងខេត្តបន្ទាយមានជ័យ៣០លើក។


ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ លោក ទូច សុឃៈ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ អ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ទ្វេដង និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។ «ដូចមូលហេតុដែលនាំឱ្យកើតគ្រោះថ្នាក់ចរាចរណ៍ខាងលើ សូមបងប្អូនទាំងអស់ដែលជាអ្នកបញ្ជាយាន និងប្រើប្រាស់ផ្លូវគ្រប់ប្រភេទ កុំបើកបរលឿន ត្រូវគោរពសិទ្ធិអាទិភាព កុំបើកបរបញ្ច្រាសទិស ត្រូវប្រកាន់ស្ដាំ ឬកុំរំលោភចំណែកផ្លូវយានទិសដៅផ្ទុយ កុំប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ បត់ឆ្វេងស្ដាំត្រូវប្រើស៊ីញ៉ូនិងមើលមុខក្រោយ។ លើសពីនេះ កុំបើកបរក្នុងស្ថានភាពស្រវឹងជាដាច់ខាត...»។


គួររម្លឹកថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីឆ្នាំ២០២៥កន្លងទៅ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន៣០ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរបួសធ្ងន់ស្រាលចំនួន ៤៧នាក់៕


ប្រភព៖ មន្ត្រីក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ