ត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៤នេះ មន្រ្តីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលភ្ញៀវជាលក្ខណៈអន្តរជាតិចូលមកតាមបណ្ដាច្រកទ្វាព្រំដែនគោក និងអាកាសរហូតទៅដល់ ៤.៨៤៩.៩២២នាក់ ស្មើនឹង ២១៧សញ្ជាតិ កើនឡើង៦,៧៦% ក្នុងនោះភ្ញៀវទេសចរមានចំនួន ៣.៧៦៧.៥១៨នាក់ ស្មើនឹង ៧៧,៦៨%។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ដោយឡែក ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នោះដូចគ្នា ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានឱ្យដឹងទៀតថា ក៏មានជនបរទេសចំនួន១.០២៤នាក់ ស្មើនឹង ៧៨សញ្ជាតិ ត្រូវបានមន្រ្តីអន្តោប្រវេសន៍ បដិសេធការផ្តល់ទិដ្ឋាការ និងបដិសេធមិនឱ្យចូលព្រះរាជាណាចក្រកម្ពុជាផងដែរ បន្ទាប់ពីបានរកឃើញពាក់ព័ន្ធក្នុងបញ្ជីមុខសញ្ញា, ការប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី មានគោលបំណងមិនច្បាស់លាស់, និងមិនគ្រប់លក្ខណៈសម្បត្តិឱ្យចូលប្រទេស។
ឯកឧត្តមបណ្ឌិត បានឱ្យដឹងដែរថា លទ្ធផលការងារក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ សម្រេចឡើងបាន បើទោះបីជាសភាពការណ៍សន្តិសុខពិភពលោកនៅតែបន្តភាពស្មុគស្មាញ ក្នុងនោះសង្គ្រាមរវាង រុស្សី-អ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល និងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយចំនួនក៏បាននឹងកំពុងបន្តការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរយ៉ាងណាក្តី។ បន្ថែមពីលើនេះ ប្រទេស ក្នុងតំបន់មួយចំនួនបានរងគ្រោះធម្មជាតិផងដែរ ដោយវិបត្តិទាំងនេះ បានជះឥទ្ធិពល អវិជ្ជមានដល់វិស័យទេសចរណ៍ជាសកល រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។
តែទោះជាយ៉ាងនេះក្តី ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នៅតែបន្តរក្សាបាន សុខសន្តិភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កបរិយាកាសដល់ដំណើរការប្រទេសទៅតាមវិស័យនីមួយៗ ប្រព្រឹត្តទៅដោយរលូន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយថាមពល ភាពឈ្លាសវៃ និងចក្ខុវិស័យច្បាស់លាស់ របស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះ ដើម្បីសម្រួលដល់ការលំបាក និងដោះស្រាយរបាំងនានាដែលប៉ះពាល់ដល់អ្នកដំណើរចេញ ចូល រួមជាមួយ ការពង្រឹងសេវាកម្មអន្តោប្រវេសន៍នៅតាមច្រកទ្វារអន្តរជាតិ លុបបំបាត់បាតុភាពអសកម្ម និងការសម្រួលបែបបទអោយ បានងាយស្រួល ប្រមុខរាជរដ្ឋាភិបាល ការដាក់ឱ្យដំណើរការប្រព័ន្ធសាលក្របត្រអេឡិចត្រូនិកចូលព្រះរាជាណាចក្រ កម្ពុជា(Cambodia e-Arrival) ដែលបានដាក់អោយអនុវត្តជំហានដំបូងនៅតាមច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិ នាថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ៕
ប្រភព៖ សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ