logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការនគរបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំពង្រឹងវិធានការបង្ក្រាបបទល្មើស Scam Online និងត្រៀមលក្ខណៈការពារសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
52
10-March-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការបោសសម្អាតទីតាំងឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Scam Online) និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងភូមិសាស្ត្រខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


នៅក្នុងកិច្ចប្រជុំនេះ លោកស្នងការបានសង្កត់ធ្ងន់ទៅលើការងារគ្រប់គ្រងជនបរទេស និងទីតាំងដែលសង្ស័យថាមានការលួចលាក់ធ្វើអាជីវកម្មខុសច្បាប់។ លោកស្នងការបានដាក់បទបញ្ជាដល់អធិការនគរបាលក្រុង-ស្រុកទាំងអស់ ត្រូវត្រួតពិនិត្យទីតាំងស្នាក់នៅ ត្រូវចុះស្រាវជ្រាវ និងក្ដាប់ឱ្យជាប់នូវរាល់មធ្យោបាយធ្វើដំណើរ មិនថាការទិញ ឬជួល ដោយជនបរទេសដែលពាក់ព័ន្ធនឹងករណី Scam Online។ ត្រូវផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ផ្ទះជួល សណ្ឋាគារ ឬទីតាំងស្នាក់នៅនានា មិនឱ្យមានការលាក់បាំងព័ត៌មានស្នាក់នៅរបស់ជនបរទេស ឬអនុញ្ញាតឱ្យជួលទីតាំងដើម្បីប្រព្រឹត្តបទល្មើសឡើយ។ ជំរុញឱ្យមានការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមចំណុចប្រឈម និងតំបន់ដែលងាយកើតមានបទល្មើស ដើម្បីងាយស្រួលក្នុងការតាមដាន និងបង្ក្រាប។


ក្រៅពីបញ្ហា Scam Online លោកឧត្តមសេនីយ៍ទោ ស ថេង ក៏បានជំរុញឱ្យពង្រឹងការងារបង្ការ និងបង្ក្រាបក្រុមផ្លូវងងឹត ឬក្មេងទំនើង និងបញ្ហាគ្រឿងញៀនផងដែរ។ ក្នុងនោះ លោកស្នងការ បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធចុះធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់តាមបណ្តាសាលារៀន ចាប់ពីកម្រិតបឋមសិក្សាឡើងទៅ ដើម្បីឱ្យយុវជន និងកុមារបានយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន និងច្បាប់ទម្លាប់។ ការត្រៀមលក្ខណៈសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីធានាបាននូវភាពសប្បាយរីករាយ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ លោកស្នងការបានណែនាំនូវចំណុចសំខាន់ៗគឺ មិនអនុញ្ញាតឱ្យមានការលេងបាញ់ទឹក ឬលេងប៉ាតម្សៅ នៅតាមទីសាធារណៈ ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ ឬប៉ះពាល់ដល់សណ្ដាប់ធ្នាប់ឡើយ។ កិច្ចប្រជុំនេះក៏បានពិភាក្សាលើការបែងចែកកញ្ចប់ថវិកាសម្រាប់ទ្រទ្រង់ដល់កងកម្លាំង ដែលបានចុះអនុវត្តភារកិច្ចការពារសុវត្ថិភាពនៅតាមការិយាល័យបោះឆ្នោតនានា ឱ្យបានច្បាស់លាស់ និងមានតម្លាភាព។


ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស ថេង បានក្រើនរំលឹកដល់មន្ត្រីនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើស្មារតីទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ និងរក្សាសន្តិសុខក្នុងខេត្តពោធិ៍សាត់ ឱ្យបានល្អប្រសើរជាដាច់ខាត៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ