logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម សុខ លូ អញ្ជើញពិនិត្យស្ថានភាពការបើកដំណើរការសេវាសាធារណៈឡើងវិញនៅតាមបណ្ដាស្រុកជាប់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
62
04-January-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ខេត្តបាត់ដំបង៖ នៅថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលស្ថានភាពនៃការបើកដំណើរការសេវាសាធារណៈឡើងវិញនៅតាមបណ្ដាស្រុកជាប់ព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។


ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានអញ្ជើញចុះពិនិត្យដំណើរការសេវាសាធារណៈនៅតាមរដ្ឋបាលស្រុក មណ្ឌលសុខភាព សាលារៀន និងទីប្រជុំជនមួយចំនួននៅក្នុងមូលដ្ឋានស្រុកសំពៅលូន ភ្នំព្រឹក កំរៀង សំឡូត និងស្រុកបាណន់។


សូមជម្រាបថា សម្រាប់គ្រឹះស្ថានអប់រំនៅក្នុងខេត្តបាត់ដំបង មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានចេញសេចក្ដីណែនាំស្ដីពីការបើកដំណើរការគ្រឹះស្ថានសិក្សាគ្រប់កម្រិតនៅស្រុកសំឡូត កំរៀង ភ្នំព្រឹក សំពៅលូន និងស្រុកបាណន់ឱ្យដំណើរបង្រៀន-រៀនធម្មតាចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។


គួរកត់សម្គាល់ថា បន្ទាប់ពីប្រទេសកម្ពុជា-ថៃ បានអនុវត្តបទ«ឈប់បាញ់ភ្លាម នៅនឹងកន្លែង» ដែលបានចូលជាធរមានចាប់ពីម៉ោង ១២៖០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការបម្រើសេវាសាធារណៈនៅតាមបណ្ដាស្រុកជាប់ព្រំដែន ជាពិសេសប្រជាពលរដ្ឋភៀសសឹកពីតាមតំបន់ព្រំដែនមកស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនានាក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានវិលត្រឡប់ទៅកាន់លំនៅឋានវិញជាបន្តបន្ទាប់ជាមួយអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងកំពុងដំណើរការអាជីវកម្មរកស៊ីជាប្រក្រតី។


បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែធ្នូដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងអំឡុងសង្គ្រាមជាង២០ថ្ងៃភាគីថៃបានបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជាធ្វើឱ្យរងផលប៉ះពាល់ និងការខូចខាតក្នុងភូមិសាស្ត្រខេត្តបាត់ដំបងធ្វើឱ្យប៉ះពាល់ និងខូចខាតផ្ទះប្រជាពលរដ្ឋជាង៤០ខ្នង, សាលារៀន អគារសាធារណៈ និងរបួសជនជាតិចិន។


សូមជម្រាបថា គិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋានបានជួយជួសជុលផ្ទះប្រជាពលរដ្ឋ៨ខ្នង នៅស្រុកភ្នំព្រឹក និង២៧ខ្នងទៀតនៅស្រុកសំពៅលូន ព្រមទាំងកំពុងសហការជាមួយក្រុមការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមភូមិករប្រជាពលរដ្ឋ៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ