logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ខេត្តប៉ៃលិន ត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
124
12-October-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ប៉ៃលិន៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ អន្តរជាតិខេត្ត អមដំណើរដោយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញពិនិត្យមើលទីតាំងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនៅមាត់ស្ទឹងតារាប ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា បើទោះបីជាខេត្តប៉ៃលិន មិនមានដងស្ទឹង ឬទន្លេដែលអាចអុំទូកបាន ឬបញ្ជូនកីឡាអុំទូក ទៅប្រកួតប្រណាំងនៅរាជធានីភ្នំពេញ ក៏ដោយ ក៏រដ្ឋបាលខេត្ត នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ឱ្យបានអធឹកអធម ដើម្បីចូលរួមអបអរសាទរ និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តផងដែរ។


លោកជំទាវបណ្ឌិត ក៏បានមានប្រសាសន៍ណែនាំ ដល់ក្រុមការងារ នៅក្នុងគណៈកម្មការរៀបចំ បុណ្យ ជាតិ អន្តរជាតិខេត្តទាំងអស់ ត្រូវសហការគ្នារៀបចំ និងត្រូវយកចិត្តទុកដាក់ទៅលើការរៀបចំតុបតែងក្លោងទ្វារ ទង់ បដា ប្រទីប និងភ្លើងបំភ្លឺចម្រុះពណ៌ ដើមី្បធ្វើយ៉ាងណា រំលេចនូវអត្តសញ្ញាណរបស់ជាតិ ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ដែលមកទស្សនាកំសាន្តក្នុងព្រះរាជពិធីបុណ្យ ឱ្យមកបានយល់ ដឹងអំពីប្រវត្តិសាស្ត្រដ៏ល្អផូរផង់របស់ជាតិ ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ ជាពិសេសត្រូវផ្តោតសំខាន់ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ សុខភាព បរិស្ថាន អគ្គិសនី និងការរៀបចំស្តង់ ពិព័រណ៍។


ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ស្នើដល់ប្រជាពលរដ្ឋ ដែលបានធ្វើ ប្រទីប លក់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ មិនអនុញ្ញាតឱ្យយកឧបករណ៍ស្នោ ធ្វើជាប្រទីបនោះឡើយ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយបើអាចសូមបងប្អូនធ្វើប្រទីបពីដើមចេកវិញ ដែលវាមិនបង្កហានីភ័យដល់សោភណ្ឌភាពដងស្ទឹង ព្រមទាំងបង្កើតនូវជីវៈចម្រុះក្នុងទឹកទៀតផងម៉្យាងវិញទៀតចំពោះរាល់ស្តង់លក់ដូរទាំងអស់ ត្រូវគោរពតាមការ ណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យចំពោះអនាម័យ បរិស្ថាន តែបើមានស្តង់មួយណា បានបំពុលបរិស្ថានដងស្ទឹងនោះគណៈកម្មការនឹងធ្វើការបញ្ឈប់មិនអនុញ្ញាតឱ្យលក់ដូរបន្តទៀតនោះឡើយ ។


សូមបញ្ជាក់ថា៖ នៅរសៀលថ្ងៃទៅ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត នឹងចូលរួម ពិធីអកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប នៅស្ទឹងតារាប ដោយមានការចូលរួមផ្តល់ជូននូវម្ហូបអាហារ នំចំណី ដោយឥតគិតថ្លៃ ពីសំណាក់យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រម ទាំង មានការប្រគុំតន្ត្រី បង្ហោះគោម និងការបាញ់កាំជ្រួចផងដែរ៕


ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ