logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ស្តីពី ការកំណត់ឱ្យប្រើឯកសណ្ឋាននគរបាលជាតិ សម្រាប់មន្ត្រីនគរបាលជាតិដែលត្រូវបានតែងតាំងជាមុខងារនយោបាយ
1K
12-December-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

កន្លងមកក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំលេខ០០៧ សណន ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ស្តីពី ការស្លៀកពាក់ឯកសណ្ឋាននិងការប្រើស្លាកសញ្ញានគរបាលជាតិកម្ពុជា ដើម្បីលើកកម្ពស់កិត្យានុភាព សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់មន្ត្រីនគរបាលជាតិ ឱ្យបានស័ក្តិសមជាកងឯកភាពរៀបរយ សំដៅធានាប្រសិទ្ធភាពនៃការបំពេញ កិច្ចប្រតិបត្តិការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។


បច្ចុប្បន្ន ក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញថា មន្ត្រីនគរបាលជាតិបម្រើការងារតាមបណ្តានាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត បានស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិក្នុងពេលបំពេញការងារ បានត្រឹមត្រូវស្របតាមគោលការណ៍ណែនាំ និងលិខិតបទដ្ឋានដែលបានកំណត់។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ក៏បានសង្កេតឃើញថា កន្លងមកមានថ្នាក់ដឹកនាំមួយចំនួនតូចដែលស្ថិតនៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ហើយត្រូវបាន តែងតាំងជាមុខងារនយោបាយនិងបានដាក់ឱ្យស្ថិតនៅក្រៅក្របខ័ណ្ឌដើម បានស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ សម្រាប់បំពេញការងារប្រចាំថ្ងៃនិងចូលរួមកិច្ចប្រជុំនានា។


ក្នុងន័យនេះ ដើម្បីធានាឱ្យការប្រើឯកសណ្ឋាននគរបាលជាតិ បានត្រឹមត្រូវស្របតាមគោលការណ៍កំណត់ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំដែលស្ថិតនៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ហើយត្រូវបាន តែងតាំងជាមុខងារនយោបាយ ដូចខាងក្រោម៖


១- មិនអនុញ្ញាតឱ្យស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ សម្រាប់បំពេញការងារប្រចាំថ្ងៃនិងចូលរួមកិច្ចប្រជុំនានា។


២- អនុញ្ញាតឱ្យស្លៀកពាក់ឯកសណ្ឋានគរបាលជាតិ ក្នុងករណីមានការចាត់តាំងឱ្យចូលរួមក្នុងពិធីបុណ្យជាតិ ពិធីថ្ងៃខួបកំណើតនគរបាលជាតិ សន្និបាតក្រសួង ឬពិធីផ្លូវការណាមួយ ដែលតម្រូវឱ្យស្លៀកពាក់ ឯកសណ្ឋាននគរបាលជាតិតែប៉ុណ្ណោះ។


ទទួលបានសេចក្តីណែនាំនេះ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គាធិការ នៃអគ្គាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គនាយក នៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ ប្រធានអង្គភាពពាក់ព័ន្ធ និងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវផ្សព្វផ្សាយនិងអនុវត្តឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ