logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យអង្គភាពពាក់ព័ន្ធអនុវត្តផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស (២០២៦-២០៣០) ឱ្យបានគត់មត់
605
01-December-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរយៈពេល៥ឆ្នាំ(២០២៦-២០៣០) របស់ក្រសួងមហាផ្ទៃ ត្រូវបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ពីធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួង ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីជំនាញសរុបចំនួន ៦១៣រូប។


បើតាមឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រនេះ គឺជំរុញឱ្យក្រសួងមហាផ្ទៃមានធនធានមនុស្សកាន់តែប្រសើរ ដែលមានគុណវុឌ្ឍិ សមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ឆន្ទៈមោះមុត និងមនសិការការងារ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងបំពេញបេសកកម្មស្នូលរបស់ខ្លួនក្នុងការគ្រប់គ្រងរដ្ឋបាលដែនដី រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមឱ្យ សម្រេចបានជោគជ័យប្រកបដោយនិរន្តរភាព​ និងចីរភាព ព្រមទាំងផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ មានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព បរិយាបន្ន និងសមធម៌។


ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានបន្តថា ផែនការនេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស សមត្ថភាព និងក្រមសីលធម៌ វិជ្ជាជីវៈ របស់មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ឱ្យកាន់តែល្អប្រសើរក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋឱ្យរស់នៅប្របកដោយសុខសន្តិភាព និងសុខដុមរមនា​ ព្រមទាំងមានការពេញចិត្ត និងជឿជាក់ចំពោះការផ្ដល់សេវាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។


ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស រយៈពេល ៥ឆ្នាំនេះ រៀបចំឡើងដើម្បីឆ្លើយតបទៅនឹងមុំទី២ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណិត្តទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រនៃព្រះរាជាណាចក្រ​ កម្ពុជា គឺធ្វើយ៉ាងណា កសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈ ម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ។​ ប្រមុខក្រសួងមហាផ្ទៃ​ បានចាត់ទុកផែនការនេះ ជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ក្រសួង ដែលជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យតម្រង់ទិស សម្រាប់អង្គភាពចំណុះក្រសួងមហាផ្ទៃ ក៏ដូចជាអង្គភាពពាក់ព័ន្ធនានា យកទៅអនុវត្ត ដើម្បីឱ្យអង្គភាពនីមួយៗ មានធនធានមនុស្សសមស្របទៅតាមតម្រូវការជាក់ស្តែងក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវអនុវត្តតាមផែនការយុទ្ធសាស្ត្រនេះ ប្រកបដោយប្រសិទ្ធភាព និងគត់មត់ជាទីបំផុត។ 


ផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរយៈពេល៥ឆ្នាំ(២០២៦-២០៣០) របស់ក្រសួងមហាផ្ទៃ មាន ១០ចំណុចសំខាន់ៗរួមមាន ១.សេចក្ដីផ្ដើម ២.ចក្ខុវិស័យ ៣.គោលបំណង ៤.គោលដៅ ៥.យុទ្ធសាស្ត្រ ៦.ការគ្រប់គ្រងការអនុវត្ត ៧.គម្រោងថវិកា ៨.ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ៩.សេចក្ដីសន្និដ្ឋាន និង១០.ឧបសម្ព័ន្ធតារាងសូចនាកររួម ។


គួររម្លឹកថា ផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរយៈពេល៥ឆ្នាំ (២០២៦-២០៣០)នេះ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ