logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម​ ឃួង ស្រេង និងលោកជំទាវ អញ្ជើញចុះពិនិត្យ ដំណើរការសាកល្បងនៃគម្រោងផ្លូវថ្មើរជើង (walk street)
479
01-February-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ភ្នំពេញ៖ឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ និងលោកជំទាវ ជា​ សុីណា​ ឃួង​ស្រេង​ អមដំណើរដោយឯកឧត្ដមអភិបាលរង នាយក នាយករងរដ្ឋបាល មន្ត្រីនិងអាជ្ញាធរដែនដីបានអញ្ជើញចុះពិនិត្យ ដំណើរការសាកល្បងនៃគម្រោងផ្លូវថ្មើរជើង (walk street) ខណៈដែរ នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ​ ឆ្ឆ្នាំ២០២៥នេះ គឺជាថ្ងៃដែលរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ឱ្យដំណើរការដំបូង។ 


ឯកឧត្ដម​ ឃួង ស្រេង ខណៈចុះពិនិត្យនេះបានមានប្រសាសន៍លើកឡើងថា៖ ប្រទេសកម្ពុជាកំពុងត្រៀមខ្លួនចេញពីប្រទេសដែលក្រីក្រ និងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ដូច្នេះហើយ ទើបរាជធានីភ្នំពេញ បានរៀបចំខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជម្រើស ក្នុងការដើរលំហែកាយ ហាត់ប្រាណ ទទួលបាននូវផាសុខភាពល្អ ព្រោះពួកគាត់មានជីវភាពធូរធាមួយកំរិតហើយ។ ពាក់ព័ន្ធនឹងគម្រោងផ្លូវថ្មើរជើង (walk street) នេះឯកឧត្ដមអភិបាលរាជធានីថារដ្ឋបាលរាជធានីភ្នំពេញ បានគិតគូររួចហើយ ប៉ុន្តែដោយសារស្ថានភាពជម្ងឺកូវីដ-១៩ គម្រោងនេះត្រូវបានផ្អាក។ តែមកដល់ពេលនេះ ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គម្រោងនេះ ត្រូវបានបង្កើតឡើងវិញ​និងបានដាក់ឱ្យដំណើរការសាកល្បងនៅពេលនេះ។ 


ឯកឧត្ដម​ ឃួង ស្រេង បានបន្តទៀតថា៖ សុខទុក្ខនិងសុខមាលភាពរបស់ប្រជាពលរដ្ឋគឺជាការគិតគូររបស់អាជ្ញាធរនិងរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ បងប្អូនប្រជាពលរដ្ឋ ពិសេស បងប្អូនដែលមានលំនៅដ្ឋាននៅក្នុងគម្រោងផ្លូវថ្មើជើងនេះតែម្តង ដែលពួកគាត់បានចូលរួមសហការជាមួយអាជ្ញាធរបានយ៉ាងល្អ។ការចូលរួមសហការយ៉ាងល្អនេះ វានឹងធ្វើឱ្យរាជធានីភ្នំពេញរបស់យើង មានអ្វីៗសព្វបែបយ៉ាងជាបន្តបន្ទាប់ទៀត។       


ក្នុងឱកាសនោះដែរ ឯកឧត្តម​ ឃួង ស្រេង​ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណង ចង់មកទស្សនា ក៏ដូចជា ការដើរលេងកំសាន្ត ការហាត់ប្រាណ ដើម្បីសុខភាពនៅទីតាំងខាងលើនេះ សូមបងប្អូនកុំប្រើប្រាស់យានជំនិះខ្លួនឯង បងប្អូនអាចប្រើប្រាស់ ជាម៉ូតូកង់បីឬក៏រថយន្តដឹកជញ្ជូនសាធារណៈ។  ពាក់ព័ន្ធនឹងការរៀបចំស្តង់លក់ម្ហូបអាហារ ដើម្បីបម្រើដល់ភ្ញៀវជាតិនិងអន្តរជាតិដែលមកដើរលេងកំសាន្តនៅទីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានគម្រោងរៀបចំផងដែរ។ទាំងទីតាំង ស្តង់ម្ហូបអាហារ ទាំងការប្រគំតន្ត្រីសម័យ បុរាណ ការគូរគំនូរ កន្លែងលេងសៀករហ័សកម្មផ្សេងៗ ក៏ជាកន្លែងដែលបងប្អូនប្រជាពលរដ្ឋ ចង់បង្ហាញពីសមត្ថភាពរបស់ខ្លួន និងបង្ហាញពីស្នាដៃរបស់បុព្វបុរសយើងដែលបានបន្សល់ទុកឱ្យកូនចៅយើងមកដល់ពេលនេះ។ 


ឯកឧត្ដម​ ឃួង ស្រេង បញ្ជាក់ថា៖រាជធានីភ្នំពេញកំពង់ត្រៀមលក្ខណៈដាំដើមឈើចំនួន ៧៥ហិកតា នៅតំបន់ដ៏ល្អមួយដើម្បីជាជម្រើសឱ្យបងប្អូនប្រជាពលរដ្ឋអាចទៅដើរលេងកំសាន្តនៅក្នុងទីតាំងដែលមានដើមឈើនោះ ក៏ដូចការជ្រើសរើសទីតាំងមកដើរលេងនៅតាមផ្លូវខាងលើនេះផងដែរ ព្រោះប្រជាពលរដ្ឋយើងសព្វថ្ងៃរស់នៅក្នុងភាពស៊ីវិល័យហើយ។ គួរបញ្ជាក់ផងដែរថា៖ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការសាកល្បងផ្លូវថ្មើរជើង (Walk​Street)នេះ​ ត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវសន្តិសុខ​ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោងដែលបានកំណង់ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ