logo
Header Logo
ព័ត៌មានលម្អិត
thumbnail
មកស្វែងយល់បន្ថែមអំពី មូលនិធិ និងចំណូលរបស់ឃុំ សង្កាត់ ដែលលោកអ្នកកំពុងរស់នៅ
1K
19-December-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

មូលនិធិឃុំ សង្កាត់ គឺជាកញ្ចប់ថវិកាមួយដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវផ្ទេរទៅឱ្យ ឃុំ សង្កាត់។ មូលនិធិនេះរួមមានចំណូលពីចំណែកជាក់លាក់នៃចំណូលចរន្តថវិការដ្ឋប្រចាំឆ្នាំ និងពីការចូលរួមរបស់ដៃគូអភិវឌ្ឍន៍នានា។ មូលនិធិនេះមានពីរផ្នែកសំខាន់ៗ គឺផ្នែករដ្ឋបាលទូទៅ និងផ្នែកអភិវឌ្ឍន៍មូលដ្ឋាន។ ប្រភពចំណូលរបស់ឃុំ សង្កាត់សំខាន់ៗមាន៣ រួមមាន ១.ចំណូលផ្ទាល់ ២.ចំណូលពីថ្នាក់ជាតិ និង៣.ចំណូលពីការអនុវត្តមុខងារជាភ្នាក់ងារ។ នេះបើយោងតាមសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។


ផ្អែកតាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានពន្យល់ថា ច្បាប់បានផ្តល់សិទ្ធិឱ្យ ឃុំ សង្កាត់មានសិទ្ធិក្នុងការប្រមូលចំណូលផ្ទាល់ដែលបានមកពីចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើរពន្ធនៅក្នុងមូលដ្ឋាន។ ប្រភេទ កម្រិត និងរបៀបនៃការប្រមូលចំណូលផ្ទាល់នេះត្រូវបានកំណត់ក្នុងច្បាប់ដោយឡែក ប៉ុន្តែច្បាប់នោះនៅពុំទាន់ចេញជារូបរៀងនៅឡើយទេ។


ឯកឧត្តមបណ្ឌិត ទូច សុឃៈ បន្ថែមទៀតថា ចំពោះចំណូលពីថ្នាក់ជាតិវិញ គឺបច្ចុប្បន្នរដ្ឋបាលឃុំ សង្កាត់ ទទួលបានចំណូលពីថ្នាក់ជាតិតាមរយៈមូលនិធិឃុំ សង្កាត់ និងថវិកាបន្ថែមពីថ្នាក់ជាតិសម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន។ រីឯចំណូលពីការអនុវត្តមុខងារជាភ្នាក់ងារ គឺជាចំណូលដែលបានមកពីការបំពេញភារកិច្ចដោយឃុំ សង្កាត់ជំនួសមុខឱ្យក្រសួង ស្ថាប័ន ឬអង្គភាពនានារបស់រដ្ឋទៅតាមការព្រមព្រៀងគ្នា។


យោងតាមឧបសម្ព័ន្ធតារាងវិភាជន៍មូលនិធិឃុំ សង្កាត់ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ឃុំ សង្កាត់ ទូទាំងរាជធានី ខេត្ត ទទួលវិភាជន៍មូលនិធិឃុំ សង្កាត់សរុប ៨៩៤.៧៥៥ លានរៀល ក្នុងនោះ ផ្នែករដ្ឋបាលទទួលបានសរុបចំនួន ៤៧៩.៤០២លានរៀល ផ្នែកចំណាយមិនបានគ្រោងទុកចំនួន ២៥.០២១ លានរៀល ផ្នែកសេវាសង្គម និងអនាម័យ បរិស្ថាន ចំនួន ៦៥.០៥៥ លានរៀល និងផ្នែកអភិវឌ្ឍន៍មានចំនួន ៣២៥.២៧៧លានរៀល។ 


ជាឧទាហរណ៍ជាក់ស្ដែង ក្នុងឆ្នាំ២០២៤ សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ទទួលវិភាជន៍មូលនិធិឃុំ សង្កាត់ សរុបចំនួន ៦០៣លានរៀល ផ្នែករដ្ឋបាលទទួលបានសរុបចំនួន ៣៣៩លានរៀល ផ្នែកចំណាយមិនបានគ្រោងទុកចំនួន ១៨ លានរៀល ផ្នែកសេវាសង្គម និងអនាម័យ បរិស្ថាន ចំនួន៤០ លានរៀល និងផ្នែកអភិវឌ្ឍន៍មានចំនួន ២០៦លានរៀល។ ដោយឡែកក្នុងស្រុកកែវសីមា ឃុំស្រែឈូក ទទួលវិភាជន៍មូលនិធិឃុំ សង្កាត់សរុបចំនួន៤៧០លានរៀល ក្នុងនោះផ្នែករដ្ឋបាលទទួលបានសរុបចំនួន ២១៣លានរៀល ផ្នែកចំណាយមិនបានគ្រោងទុកចំនួន ១១លានរៀល ផ្នែកសេវាសង្គមនិងអនាម័យ បរិស្ថាន ចំនួន ៤៧លានរៀល និងផ្នែកអភិវឌ្ឍន៍មានចំនួន ១៩៩លានរៀល។ (ចង់ដឹងព័ត៌មានពីមូលនិធិឃុំ សង្កាត់បន្ថែម សូមអាននៅក្នុងឧបសម្ព័ន្ធភ្ជាប់តាមលេខ ៧៥៣៧ សហវ.ល.ស.អហក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣)៕ 


ប្រភព៖ កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ