logo
Header Logo
ព័ត៌មានលម្អិត
thumbnail
មកស្វែងយល់ពីឋានានុក្រម នៃការអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទសម្រាប់ ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ
1K
02-December-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ដើម្បីពង្រឹងការគោរពវិន័យ ការធានានិរន្តរភាពការងារ ការគ្រប់គ្រង ការលើកកម្ពស់ប្រសិទ្ធភាពការងារ និង សុខុមាលភាពជូន​មន្ត្រីនគរបាលជាតិ​កម្ពុជា 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសស្តីពី សិទ្ធិអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់​ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា កាលពីថ្ងៃទី៤ ខែ វិច្ឆកា ឆ្នាំ២០២៤កន្លងទៅ។


ប្រការ៣ នៃសេចក្តីប្រកាសស្តីពី សិទ្ធិអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់​ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា នេះដែរ បានចែងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូនជាអាទិ៍ ៖

១- អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកនៃអគ្គនាយកដ្ឋាននានា,  និងប្រធាន អង្គភាពថ្នាក់ប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ។ 

២- មន្ត្រីនគរបាលជាតិកម្ពុជាដែលស្នើសុំច្បាប់ឈប់ដើម្បីចេញទៅក្រៅប្រទេស។



យោងតាមប្រកាសនេះដដែរ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា សិទ្ធិសម្រេចគឺត្រូវបាន ប្រគល់សិទ្ធិតាមឋានានុក្រមក្នុងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូនថ្នាក់ដឹកនាំក្រសួង និងប្រធានអង្គភាពចំណុះ ដូចខាងក្រោម៖ 


១- រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកអគ្គនាយកដ្ឋានធនធានមនុស្ស មានសិទ្ធិអនុញ្ញាតច្បាប់ ឈប់គ្រប់ប្រភេទជូនមន្ត្រីនគរបាលជាតិកម្ពុជា ចាប់ពី១២(ដប់ពីរ)ថ្ងៃឡើងនៃថ្ងៃធ្វើការ។ 


២- អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូន ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន ប្រធានអង្គភាព ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្តី្រ នគរបាលជាតិកម្ពុជាក្រោមឱវាទ ត្រឹម១១(ដប់មួយ)ថ្ងៃចុះនៃថ្ងៃធ្វើការ។ 


៣- អគ្គនាយកនៃអគ្គនាយកដ្ឋាននានា និងប្រធានអង្គភាពថ្នាក់ប្រហាក់ប្រហែល ចំណុះក្រសួង មហាផ្ទៃ មានសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូនមន្ត្រីនគរបាលជាតិកម្ពុជាក្រោមឱវាទត្រឹម១១(ដប់មួយ)ថ្ងៃចុះនៃថ្ងៃធ្វើការ។ 


៤- ប្រធានសេនាធិការដ្ឋាន និងប្រធាននាយកដ្ឋានកណ្តាលចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិមានសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូនមន្ត្រីនគរបាលជាតិកម្ពុជាក្រោមឱវាទ ត្រឹម៥ (ប្រាំ)ថ្ងៃចុះនៃថ្ងៃធ្វើការ។ 


៥- ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាននានា . និងអង្គភាពថ្នាក់ប្រហាក់ប្រហែល ព្រមទាំងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត មានសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូនមន្ត្រីនគរបាលជាតិកម្ពុជា ក្រោមឱវាទ ត្រឹម៤(បួន)ថ្ងៃចុះនៃថ្ងៃធ្វើការ។ 


៦- នាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នាយកសាលានគរបាលជាតិភូមិភាគ អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែន គោក-ទឹក ប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រនៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក នាយកសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែននៃនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ប្រធានស្នាក់ការប្រឆាំងចារកម្មប្រចាំរាជធានី ខេត្ត ចំណុះការិយាល័យប្រឆាំងចារកម្មនៃនាយកដ្ឋានចារកម្មប្រធានស្នាក់ការប្រចាំតំបន់នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ប្រធានអង្គភាព នគរបាលទេសចរណ៍នៃនាយកដ្ឋាននគរបាលទេសចរណ៍ ប្រធានអង្គភាពនគរបាលការពារបេតិកភណ្ឌនៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ប្រធានសាខាលិខិតឆ្លងដែនប្រចាំតំបន់នៃនាយកដ្ឋានលិខិតឆ្លងដែន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងនាយប៉ុស្តិ៍នគរបាលកំពង់ផែច្រកទ្វារអន្តរជាតិ មានសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូនមន្ត្រីនគរបាលជាតិកម្ពុជាក្រោមឱវាទ ត្រឹម២(ពីរ)ថ្ងៃចុះនៃថ្ងៃធ្វើការ។ 


៧- នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូនមន្តី្រនគរបាលជាតិកម្ពុជាក្រោមឱវាទត្រឹម១(មួយ)ថ្ងៃនៃថ្ងៃធ្វើការ។


សូមបញ្ជាក់បន្ថែមផងដែរ មន្ត្រីនគរបាលជាតិកម្ពុជាទាំងអស់ ត្រូវដាក់ពាក្យស្នើសុំច្បាប់ឈប់គ្រប់ប្រភេទ ដើម្បីឈប់សម្រាក គឺផ្អែកតាមគោលការណ៍ចំនួន៥ រួមមាន៖ 

១- ច្បាប់ឈប់ប្រចាំឆ្នាំ 

២- ច្បាប់ឈប់រយៈពេលខ្លី ដោយបញ្ជាក់អំពីមូលហេតុឬលិខិតបញ្ជាក់ផ្សេងៗ

៣- ច្បាប់ឈប់សម្រាកលំហែមាតុភាព ដោយភ្ជាប់មកជាមួយលិខិតបញ្ជាក់ពីគ្រូពេទ្យមានសមត្ថកិច្ច

៤- ច្បាប់ឈប់សម្រាកព្យាបាលជំងឺ ដោយភ្ជាប់មកជាមួយលិខិត​បញ្ជាក់ពីគ្រូពេទ្យមានសមត្ថកិច្ច

៥- ច្បាប់ឈប់សម្រាកដោយមានកិច្ចការផ្ទាល់ខ្លួន ដោយបញ្ជាក់អំពីមូលហេតុឬលិខិតបញ្ជាក់ផ្សេងៗ៕



ប្រភព៖ កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ