

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម រាជ សុភទ្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានចំណុះក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានចំណុះក្រសួងមហាផ្ទៃ (ក.រ.ម.ម.ជ) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំលេខាធិការដ្ឋាន ក.រ.ម.ម.ផ ប្រធាន អនុប្រធានអង្គភាព សមាជិកអង្គភាពចំណុះលេខាធិការដ្ឋាន (ក.រ.ម.ម.ផ) និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្ដម រដ្ឋលេខាធិការ បានមានប្រសាសន៍ថាកិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តការងារដែលលេខាធិការដ្ឋានសម្រេចបានកន្លងមក ព្រមទាំងពិនិត្យបញ្ហាប្រឈម និងចំណុចខ្វះខាតដែលត្រូវបន្តកែលម្អ ដើម្បីធានាឱ្យការអនុវត្តការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះ ឯកឧត្ដម រដ្ឋលេខាធិការប្រធានអង្គប្រជុំបានអនុញ្ញាតិឱ្យអង្គប្រជុំពិភាក្សាលើការងារសម្របសម្រួល និងគាំទ្រក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ការប្រមូល និងរៀបចំព័ត៌មានពាក់ព័ន្ធនឹងលទ្ធផលការងារ ព្រមទាំងការពង្រឹងកិច្ចសហការរវាងអង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋានមានភាពរលូន និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការជាក់ស្ដែងនៅមូលដ្ឋាន។
ជាមួយគ្នានេះ អង្គប្រជុំបានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់លើទិសដៅការងារបន្ត ដោយផ្ដោតលើការពង្រឹងការរៀបចំផែនការ ការបែងចែកភារកិច្ច និងការតាមដានត្រួតពិនិត្យលទ្ធផលការងារឱ្យបានជាប្រចាំ ព្រមទាំងជំរុញការទទួលខុសត្រូវរបស់អង្គភាព និងមន្ត្រីពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបំពេញការងាររបស់លេខាធិការដ្ឋាន ។
ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្ដម រដ្ឋលេខាធិការបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហការផ្ទៃក្នុង ការផ្ដល់ព័ត៌មាន និងរបាយការណ៍វឌ្ឍនភាពការងារឱ្យបានទៀងទាត់ ព្រមទាំងការអនុវត្តភារកិច្ចតាមផែនការដែលបានកំណត់ ដើម្បីរួមចំណែកគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ








