

បន្ទាប់ពីមានការបញ្ចេញមតិ លើកជាគំនិត និងការបង្ហាញទស្សនទាននានា ពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ជាពិសេសជុំវិញចំនួនអធិការរង ក្រុង ស្រុក ខណ្ឌ លើបណ្ដាញសង្គម លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងអំពីវិធានការមួយចំនួន ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃតែងតែអនុវត្តយ៉ាងម៉ឺងម៉ាត់កន្លងមក រហូតមកដល់បច្ចុប្បន្ន។
លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា តាំងពីដើមនីតិកាលទី៧មក ក្រសួងមហាផ្ទៃបានបង្កើតក្រុមការងារសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅ ទៅលើរចនាសម្ព័ន្ធចាត់តាំងនគរបាលជាតិ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រាប់ចាប់តាំងពីថ្នាក់អធិការរង នាយរងការិយាល័យ ស្នងការរង អនុប្រធាននាយកដ្ឋាន រហូតដល់អគ្គស្នងការរង និងអគ្គនាយករង។ ក្រោយពីសិក្សាស្រាវជ្រាវជាបន្តបន្ទាប់បានជាមូលដ្ឋានមកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានដាក់ចេញវិធានការមួយចំនួនដូចខាងក្រោម។
១.អនុញ្ញាតឱ្យមន្ត្រីដែលមានមុខតំណែងរងអាចផ្ទេរដោយស្ម័គ្រចិត្តពីកន្លែងការងារមួយទៅកន្លែងការងារផ្សេងទៀតតាមមុខតំណែងសមមូល ឬតំណែងខ្ពស់ដែលសមស្រប ដោយផ្ទេរពីកន្លែងដែលមានមន្ត្រីមានមុខតំណែងរងច្រើនទៅកន្លែងមានមន្ត្រីមានមុខតំណែងរងតិច
២.ទប់ស្កាត់មិនឱ្យមានការតែងតាំងបន្ថែមលើចំនួនដែលមានស្រាប់ ឬបិទការតែងតាំងថ្មីលើចំនួនដែលមានស្រាប់លើកលែងតែករណីចាំបាច់បំផុត
៣.ក្នុងករណីដែលមន្ត្រីកាន់មុខតំណែងរងចូលនិវត្តន៍ ហាមដាច់ខាតតែងតាំងមុខតំណែងរងមកបំពេញបន្ថែម
៤.ក្នុងករណីដែលមន្ត្រីកាន់មុខតំណែងរងទទួលមរណភាពដោយប្រការណាមួយហាមដាច់ខាតតែងតាំងមុខតំណែងរងមកបំពេញបន្ថែម
៥.ក្នុងករណីដែលមន្ត្រីកាន់មុខតំណែងរង បំពេញការងារប្រព្រឹត្តកំហុសឆ្គងដែលឈានទៅដល់ការបញ្ចប់មុខតំណែងឬដកហូតមុខតំណែងឬដាក់ឱ្យចូលនិវត្តន៍ដោយបង្ខំឬការផ្ទេរដោយបង្ខំទៅបំពេញការងារកន្លែងផ្សេង ហាមដាច់ខាតតែងតាំងមុខតំណែងរងមកបំពេញបន្ថែម
ហេតុអ្វីមិនដកតំណែងភ្លាមៗ? ឆ្លើយតបនឹងសំណួរដេញដោលថា តើត្រូវបញ្ចប់មុខតំណែង ឬចាប់បង្ខំផ្ទេរមន្ត្រីទាំងនោះភ្លាមៗ ដើម្បីតម្រូវតាមចំនួនសិក្សាដែរឬទេ? លោកបណ្ឌិត ទូច សុឃៈ ពន្យល់ក្នុងន័យដើមថា «យើងមិនអាចធ្វើបែបនោះបានទេ គឺយើងអនុវត្តដោយសន្សឹមៗកុំបំបោល ដោយអនុវត្តទៅតាមវិធានការ និងទៅតាមដំណាក់កាល។ ទោះបីជាត្រូវប្រើពេលយូរ ប៉ុន្តែវាមានសុខដុមនីយកម្ម ព្រោះមន្ត្រីក៏មានតម្រូវការក្នុងការបំពេញជីវិតប្រចាំថ្ងៃដូចគ្នាដែរ។ ដូច្នេះ ទាមទារឱ្យយើងត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ»។
អ្នកនាំពាក្យរងរូបនេះ បានបញ្ជាក់ទៀតថា ជារួម វិធានការដែលបានលើកឡើងខាងលើ ក្រសួងមហាផ្ទៃទប់ស្កាត់បានទាំងស្រុងដោយពុំមាន ការតែងតាំងបន្ថែមលើចំនួនចាស់ ទោះក្នុងករណីមរណភាព ផ្ទេរចេញ ផ្ទេរដោយបង្ខំ ដាក់ឱ្យចូលនិវត្តន៍ដោយបង្ខំ បញ្ចប់មុខតំណែងដោយប្រព្រឹត្តកំហុសឆ្គង៕
ប្រភព៖ មន្រ្តីក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
