logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម លី សំរិទ្ធ ណែនាំ និងលើកទឹកចិត្តដល់ពលរដ្ឋ ឱ្យហ៊ានលើកឡើងនូវរាល់សំណួរ សំណូមពរ និងបញ្ហាប្រឈមនានា ដើម្បីបើកឱកាសឱ្យមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធជួយស្វែងរកដំណោះស្រាយរួមគ្នាប្រកបដោយប្រសិទ្ធភាព
56
28-October-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តសៀមរាប៖ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ឱ្យហ៊ានលើកឡើងនូវរាល់សំណួរ សំណូមពរ និងបញ្ហាប្រឈមនានា ដើម្បីបើកឱកាសឱ្យមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធជួយស្វែងរកដំណោះស្រាយរួមគ្នាប្រកបដោយប្រសិទ្ធភាព។


ការលើកឡើងបែបនេះ នាឱកាសដែលឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៦ គោលដៅទី២ នៅថ្ងៃទី ២៨ ខែតុលាឆ្នាំ២០២៦ ដែលសំណួរនិងសំណូមពរដែលជាក្ដីកង្វល់និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកក្រឡាញ់ដែលបានលើកឡើង ចំនួន ១១ ត្រូវបានលើកយកមកពិភាក្សានិងដោះស្រាយ និងត្រូវបានមន្ត្រីជំនាញធ្វើការស្រាយបំភ្លឺ និងឆ្លើយតបជូនប្រជាពលរដ្ឋភ្លាមៗផងដែរ។


ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកានាពេលនេះ គឺជាការអនុវត្តជាក់ស្ដែងនៃការពង្រឹងសមត្ថភាពអភិបាលកិច្ច និងការលើកកម្ពស់គុណភាពស្ថាប័ន ស្របតាមយុទ្ធសាស្ត្រអាទិភាពទាំង ៥ របស់ខេត្ត ដែលបង្ហាញពីភាពជិតស្និទ្ធរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ។


ក្នុងនោះផងដែរ លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានសំណូមពរ និងណែនាំដល់រដ្ឋបាលស្រុកបន្តយកចិត្តទុកដាក់លើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេសបញ្ហាក្មេងទំនើង។ ចំពោះបញ្ហាផ្លូវថ្នល់ដែលរងការខូចខាតក្នុងមូលដ្ឋាន លោកបានស្នើឱ្យមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ពិនិត្យ និងជួសជុលឡើងវិញឱ្យបានឆាប់រហ័ស។ ឯចំពោះបញ្ហាអគ្គិសនី ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល លោកបានជំរុញឱ្យរដ្ឋបាលស្រុក ឃុំ ធ្វើរបាយការណ៍ឱ្យបានច្បាស់លាស់អំពីតំបន់ ឬគ្រួសារដែលខ្វះខាត ឬដាច់ស្រយាលពីបណ្តាញអគ្គិសនី ដើម្បីរៀបចំផែនការអន្តរាគមន៍។ បន្ថែមពីនេះ លោក ឌី រ៉ាដូ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនចៅទើបប្រឡងជាប់ ឬមិនទាន់ចប់បាក់ឌុបក្តី សូមបញ្ជូនពួកគេឱ្យទៅចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរ និងវិទ្យាស្ថានតេជោសែនសៀមរាប ដើម្បីទទួលបានជំនាញច្បាស់លាស់សម្រាប់ធានាទីផ្សារការងារនាពេលអនាគត។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តម អ្នកឧកញ៉ាសៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានមានប្រសាសន៍ណែនាំ និងលើកទឹកចិត្តបន្ថែមដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនទាំងអស់ ឱ្យចាប់យកឱកាសសិក្សាជំនាញបច្ចេកទេសដោយមិនបង់ប្រាក់នៅវិទ្យាស្ថានទាំងនោះ ដែលរាជរដ្ឋាភិបាលបានបង្កើតឡើងដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញវិជ្ជាជីវៈពិតប្រាកដសម្រាប់យកទៅប្រកបមុខរបរចិញ្ចឹមជីវិត។


មានប្រសាសន៍បិទវេទិកា ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងបន្ថែមអំពីបញ្ហាអគ្គិសនី ដោយឯកឧត្តមបានណែនាំឱ្យរដ្ឋបាលស្រុករៀបចំផែនការ និងទិន្នន័យឱ្យបានច្បាស់លាស់អំពីគ្រួសារដែលពុំទាន់មានបណ្តាញអគ្គិសនីទៅដល់ ព្រោះគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺខិតខំធានាឱ្យគ្រប់ផ្ទះ និងគ្រប់គ្រួសារមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។


ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ