logo
Header Logo
ព័ត៌មានលម្អិត
thumbnail
សីហា៖ ខែដ៏ខ្មៅងងឹត និងសោកសៅបំផុត របស់ក្រុមគ្រួសារជនរងគ្រោះស្លាប់ដល់ទៅ១៣០នាក់ដោយគ្រោះថ្នាក់ចរាចរណ៍
5K
01-September-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

សោកនាដកម្មលើដងផ្លូវនៅតែបន្តកើតមានគួរឱ្យព្រួយបារម្ភ ដោយក្នុងខែសីហា ឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងសរុប២០៨ករណី នៅទូទាំងប្រទេស។ គ្រោះកាចអកុសលនេះ បានបណ្ដាលឱ្យអ្នកដំណើររហូតដល់ទៅ១៣០នាក់ស្លាប់ និង២៥១នាក់ទៀត រងរបួសធ្ងន់-ស្រាល។ 


បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ មូលហេតុចម្បង នាំឱ្យកើតមានគ្រោះថ្នាក់ បណ្តាលមកពីការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព បើកបរមិនប្រកាន់ស្តាំ វ៉ាជែង បត់មិនប្រយ័ត្ន បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង មិនគោរពសញ្ញាចរាចរណ៍ និងកត្តាយានយន្តជាដើម។


បើរាប់ទាំងខែសីហានេះ សរុបរយៈពេល៨ខែ ឆ្នាំ២០២៦ មានអ្នកស្លាប់សរុប១.០៤៧នាក់ និងរបួសធ្ងន់ស្រាលសរុប២.៤៤០នាក់ ខណៈកត្តាលើសល្បឿនកំណត់ នៅតែបន្តឈរមុខគេ ក្នុងចំណោមមូលហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់ រាប់ទាំងករណីបណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង គឺសុរា។


គួរកត់សម្គាល់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពតាមការស្នើសុំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍រឹតបន្តឹងការអនុវត្តច្បាប់ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះតទៅ។ 


ការរអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ផ្ដើមមុនគេនៅក្នុងភូមិសាស្ត្រកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើន មានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ និងខេត្តស្វាយរៀង។ ការរឹតបន្តឹងនេះ ផ្តោតសំខាន់ទៅលើអំពើល្មើសដែលបង្កឱ្យមានគ្រោះថ្នាក់ រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើងស្តុប ព្រមទាំងការដឹកជញ្ជូនទំនិញសំពីងសំពោង ជាដើម៕

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ