logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី
325
19-April-2025
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ក៏មិនខុសពីឆ្នាំកន្លងទៅនោះដែរ មនុញ្ញផលនៃសុខសន្តិភាព បានញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅប្រកបដោយក្ដីរីករាយនៅគ្រប់ច្រកល្ហកទូទាំងប្រទេស។ ការធានាសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈគឺជាកត្តាគន្លឹះ និងជាភារកិច្ចស្នូលរបស់កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏បានអនុវត្តតួនាទីនេះប្រកបដោយការទទួលខុសត្រូវផងដែរ។ 


លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា «ក្នុងរយៈពេលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ខ្ញុំបានប្រើប្រាស់កងកម្លាំងនគរបាលជាង៧០០នាក់ ដើម្បីការពារ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង។ ដោយឡែក កងកម្លាំងនគរបាល១៣ស្រុកទៀត ខ្ញុំបានរៀបចំការពារទៅតាមតំបន់រមណីដ្ឋាន និងតំបន់កម្សាន្តនីមួយៗក្នុងស្រុក ដើម្បីងាយស្រួលចាត់វិធានការ និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលាទៅតាមស្រុកនីមួយៗ»។ 


ទីបំផុត ទាំងក្នុងពេល និងក្រោយពេលចូលឆ្នាំ លោកស្នងការខេត្តបាត់ដំបង បញ្ជាក់ថា ពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ពោលគឺមានសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ។ លោកបន្ថែមថា «អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ យើងបានត្រៀមលក្ខណៈទុកជាមុន ដើម្បីបង្ការ បង្ក្រាប និងទប់ស្កាត់មិនឱ្យមានបទល្មើសណាមួយកើតមានឡើង ហើយបងប្អូន ប្រជាពលរដ្ឋ ជាពិសេសយុវជន ពួកគេក៏បានមកលេងកម្សាន្តដោយការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក និងជាពិសេសចេះស្រឡាញ់ លើកស្ទួយ និងថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរយ៉ាងល្អគួរជាទីមោទនៈ»។ 


នៅពេលនិយាយដល់បញ្ហាក្មេងទំនើង លោកស្នងការបានបន្តទៀតថា ក្រោមបទបញ្ជាដ៏តឹងរឹង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងការទទួលដឹកនាំអនុវត្តដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ករណីក្មេងទំនើងបានថយចុះខ្លាំងតាំងពីមុនពិធីបុណ្យចូលឆ្នាំថ្មីមកម្ល៉េះ ហើយនាឱកាសចូលឆ្នាំនេះ បញ្ហានេះក៏ពុំបានចោទឡើងជារឿងគួរឱ្យកត់សម្គាល់អ្វីនោះដែរ។ លោកថា តាមរយៈការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ធ្វើឱ្យកងកម្លាំងនគរបាលទាំងអស់ មានស្មារតី និងការប្ដេជ្ញាចិត្តក្នុងការការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងកម្មវិធីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ធានាបានសន្តិសុខ សុវត្ថិភាពល្អប្រសើរ ធ្វើឱ្យបទល្មើសទាំងអស់មានការថយចុះគួរឱ្យកត់សម្គាល់។ 


សូមបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តនៅខេត្តបាត់ដំបង ប្រារព្ធឡើងក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ និងមានអ្នកចូលរួមជិត២លាននាក់ ឈរនៅលំដាប់លេខរៀងទី៥ ដែលមានភ្ញៀវទេសចរច្រើនជាងគេទូទាំងប្រទេស៕


ប្រភព៖ មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ