logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តតាកែវ អំពាវនាវឱ្យមហាជនចូលរួមលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍ «តាកែវសង្ក្រាន្ត ២០២៦» ឱ្យបានច្រើនកុះករ
356
13-April-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ៖ ព្រឹត្តិការណ៍ «តាកែវសង្ក្រាន្ត ២០២៦» បានត្រៀមលក្ខណៈរួចរាល់ជាស្ថាពរហើយ ដើម្បីស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំបូកសរុបការងាររបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ២០២៦ នេះ។


ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម វ៉ី សំណាង បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះអនុគណៈកម្មការ និងក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំទីតាំងសួនច្បារមាត់បឹងតាកែវ ឱ្យក្លាយជាកន្លែងកម្សាន្តដ៏ស្រស់ត្រកាល និងមានសុវត្ថិភាពខ្ពស់បំផុត។


ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា ព្រឹត្តិ្កការណ៍តាកែវសង្ក្រាន្តឆ្នាំនេះ យើងបានការរៀបចំជា «ភូមិមរតកវប្បធម៌ប្រវត្តិសាស្ត្រ» «ភូមិល្បែងប្រជាប្រិយ» និងតំបន់ «តាកែវភូមិកំណើតខ្ញុំ» ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណដ៏វិសេសវិសាលនៃដែនដីអរិយធម៌តាកែវ ការសម្ដែងសិល្បៈចម្រុះទាំងបុរាណ និងប្រពៃណី ព្រមទាំងការបាញ់កាំជ្រួចអបអរសាទរឆ្នាំថ្មីដ៏ស្រស់ស្អាតនៅពេលរាត្រី ហើយក្នុងនោះអាជ្ញាធរបានត្រៀមកម្លាំងប្រចាំការការពារសន្តិសុខ របៀបរៀបរយ និងសម្រួលចរាចរណ៍យ៉ាងតឹងរ៉ឹង ដើម្បីធានាភាពកក់ក្ដៅជូនភ្ញៀវកម្សាន្ត។


ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ព្រឹត្តិការណ៍ «តាកែវសង្ក្រាន្ត ២០២៦» នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។ អ្វីដែលកាន់តែប្លែក និងអស្ចារ្យសម្រាប់ឆ្នាំនេះ គឺមានការដង្ហែរក្បួនព្យុហយាត្រាអមដោយ «ព្រ័ត្រយក្សប្រវែង ៨០ម៉ែត្រ» និងការដាក់តាំងពិព័រណ៍ម្ហូបអាហារល្បីៗប្រចាំខេត្តតាកែវ សម្រាប់ឱ្យភ្ញៀវជាតិ និងអន្តរជាតិបានភ្លក់រសជាតិ និងស្វែងយល់ពីវប្បធម៌ខ្មែរ។


ឯកឧត្តម វ៉ី សំណាង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី និងភ្ញៀវទេសចរទាំងអស់ អញ្ជើញមកចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យបរិយាកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្នុងខេត្តតាកែវ កាន់តែមានភាពអធិកអធម និងសប្បាយរីករាយក្រោមដំបូលនៃសុខសន្តិភាព៕


ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ