

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ត្រូវបោសសម្អាតឱ្យបានស្អាត។
ការដាក់ចេញផែនការរបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការបង្កើតក្រុមការងារដឹកនាំក្រុមប្រតិបត្តិការចុះបង្ក្រាបស្រាវជ្រាវត្រួតពិនិត្យនិងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំ(ក)នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរងនគរបាល ក្រុង ស្រុកទាំង៩ ផងដែរ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ក៏បានក្រេីនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ត្រូវ គោរពច្បាប់ គោរពវិន័យ យកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំចាត់តាំងឱ្យបានល្អ ដេីម្បីឱ្យការងារអនុវត្ត ទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ










