logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្វែងយល់អំពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
2K
28-January-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា យោងតាមអនុក្រឹត្យលេខ ១០៩ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មានភារកិច្ចជាច្រើនទៀតរួមមាន កសាង និងដាក់ចេញផែនការសកម្មភាព បង្ការទប់ស្កាត់ និងបង្ក្រាបរាល់ការដាំដុះ ការផលិត ការនាំចូល នាំចេញ សំចត ចែកចាយ ដឹកជញ្ជូន រក្សាទុក ប្រើប្រាស់គ្រឿងញៀនដោយបំពាន សារធាតុគីមី ផ្សំខុសច្បាប់ ព្រមទាំងប្រឆាំងការសំអាតប្រាក់ដែលបានផលពីជំនួញគ្រឿងញៀនខុសច្បាប់។


នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច សុឃៈ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងរចនាសម្ព័ន្ធរបស់នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងមានតួនាទីជាសេនាធិការ ក្នុងការសិក្សារៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន។ 


ក្រៅពីនេះ គឺភារកិច្ចសិក្សាឯកទេសជំនាញ ឯកសារនានា ស្តីពីគ្រឿងញៀន និងឧបករណ៍ សម្ភារសម្រាប់ត្រួតពិនិត្យគ្រឿងញៀន និងសារធាតុផ្សំគ្រប់ប្រភេទបម្រើឱ្យកិច្ចប្រតិបត្តិការ ណែនាំ ផ្សព្វផ្សាយដល់សាធារណជនអំពីឥទ្ធិពលគ្រោះថ្នាក់ និងផលប៉ះពាល់បណ្តាលមកពី គ្រឿងញៀន និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្របសម្រួលជាមួយព្រះរាជអាជ្ញា តុលាការ សំដៅធានាការអនុវត្តនីតិវិធីកិច្ចប្រតិបត្តិការ និង ការអនុវត្តសាលក្រម សាលដីកា ធ្វើការងាររដ្ឋបាល បុគ្គលិក បណ្តុះបណ្តាល និងការងារភស្តុភារ គណនេយ្យរបស់មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តាមការកំណត់ និងទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ប្រគល់ឱ្យ។


មន្ទីរនេះ ក៏ត្រូវប្រមែប្រមូលព័ត៌មាន វិភាគបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីផ្តើមស្នើវិធានការ បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសស្របតាមច្បាប់ជាតិ និងអន្តរជាតិ ប្រមូលផ្តុំព័ត៌មាន សម្របសម្រួលការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនខុស ច្បាប់នៅក្នុងផ្ទៃប្រទេស និងអន្តរជាតិ សហប្រតិបត្តិការជាមួយអង្គការជាតិ អន្តរជាតិដើម្បីផ្លាស់ប្តូរព័ត៌មាន និងចាត់តាំងស្រាវជ្រាវស៊ើបអង្កេត ប្រឆាំងការសំអាតប្រាក់ដែលបានផលពីបទល្មើសគ្រឿងញៀន។


មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួនតាមការ កំណត់។ បច្ចុប្បន្នមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ជាប្រធាន៕


ប្រភព៖ សេង បូលីន 

មន្រ្តីព័ត៌មានក្រុមអ្ននាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ