logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តមណ្ឌលគិរី រៀបំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងសែនមនោរម្យ
233
26-March-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលក្រុងសែនមនោរម្យ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលក្រុងសែនមនោរម្យ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី អភិបាល អភិបាលរងក្រុង អធិការអធិការរង ចៅសង្កាត់ទាំង៤។ ពិធីនេះធ្វើឡើងនៅបរិវេណសាលាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរីមានប្រសាសន៍ថា ក្រុងសែនមនោរម្យ គឺជាតំបន់រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង នយោបាយនៃខេត្តមណ្ឌលគិរី។ ក្រុងសែនមនោរម្យក៏ជាតំបន់ដែលកំពុងត្រៀមរៀបចំខ្លួនក្នុងការអភិវឌ្ឍន៍ជាប៉ូលសេដ្ឋកិច្ចទី៤ នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យគ្រប់ភាគីត្រូវចូលរួមសហការ ជាពិសេសការពង្រឹងធនធានមនុស្ស ដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត យកចិត្តទុកដាក់លើកកម្ពស់ស្ត្រី និង ជំរុញអោយស្ត្រី មានតួនាទី ភារកិច្ចជាថ្នាក់ដឹកនាំនៅតាមស្ថាប័ន អង្គភាពនានា ជាក់ស្ដែងដូចជានៅពេលនេះ ស្ត្រីត្រូវបានតែងតាំងជាអភិបាលរងក្រុងសែនមនោរម្យ។ ការតែងតាំងថ្នាក់ដឹកនាំជាស្ត្រីនាពេលនេះ នឹងក្លាយទៅជាចលករមួយជំរុញឱ្យស្ត្រីដទៃទៀត បន្តខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពការងារ ឈានឆ្ពោះទៅរកតួនាទីជាថ្នាក់ដឹកនាំផ្សេងៗទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ ម៉្យាងទៀតមន្ត្រីទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាព ពង្រឹងសីលធម៌វិជ្ជាជីវៈ ដើម្បីធានានូវការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រក្រតីភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ដោយខេត្តមណ្ឌលគិរីគឺជាខេត្តដែលមានសក្ដានុពលវិស័យទេសចរណ៍ ដូចនេះ អាជ្ញាធរក្រុងនិងផ្នែកពាក់ព័ន្ធ ត្រូវរួមគ្នាជំរុញផ្សព្វផ្សាយតំបន់ទេសចរណ៍ឲ្យកាន់តែទូលំទូលាយ រួមគ្នាការពារថែរក្សានិងអភិរក្ស តំបន់ទេសចរណ៍ លើកកំពស់សេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ច ព្រមទាំងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ សំអាតតាមដងផ្លូវនានា អោយមានបរិស្ថានស្អាត។

ឯកឧត្តម ថង សាវុន ក៏បានណែនាំដល់អភិបាលរងក្រុងថ្មី ដែលទើបនឹងចូលកាន់តំណែង ត្រូវខិតខំបំពេញការងារ ពង្រឹងកិច្ចសហការ សាមគ្គីភាព ជាមួយគ្រប់ផ្នែក គ្រប់ថ្នាក់ ចូលរួមអនុវត្តច្បាប់បទបញ្ជារបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ពង្រឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងជំរុញការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

លោកស្រី ហង់ សាម៉ៃ អភិបាលរងក្រុងសែនមនោរម្យ ដែលទើបតែងតាំងថ្មី បានមានមតិប្តេជ្ញាចិត្តថា ត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លិខិតបទដ្ឋាននានា បទបញ្ជា ដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្ត បានដាក់ចេញ ពង្រឹងនូវសាមគ្គីភាព ឯកភាព ជាមួយគ្រប់ថ្នាក់ គ្រប់ផ្នែក និងអ្នកពាក់ព័ន្នទាំងអស់ ដើម្បីចូលរួមចំណែកអនុវត្តរក្សាឲ្យបាននូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍក្នុងក្រុងប្រកបដោយចីរភាព ត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធឲ្យបានឆាប់រហ័យ មានតម្លាភាព គុណភាព និងប្រសិទ្ធភាព ទប់ស្តាប់បង្ក្រាបបទល្មើសនានា៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ