រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីសូត្រមន្ត និងប្រារព្ធព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៩ យាងចូល៧០ព្រះវស្សា 
May 14, 2022 អ្នកទស្សនា :

នៅរសៀលថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំប្រារព្ធព្រះ រាជពិធីថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៩ យាងចូល៧០ព្រះវស្សា នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ជុំវិញខេត្តបាត់ដំបង ។ 

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បានអានសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៩ យាងចូល៧០ព្រះវស្សា ។ 

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ដ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជារាស្ដ្រទូទាំងខេត្ដបាត់ដំបង សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ធ្វើអភិវន្ទនកិច្ច លំឱនកាយចំពោះព្រះមហាករុណាទិគុណ និងក្រាបបង្គំទូលថ្វាយនូវអំណរសាទររីករាយក្រៃលែងប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្ដឫក្សអធិកអធមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៩ យាង ចូល៧០ព្រះវស្សា នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

ស្ថិតក្នុងបរិយាកាសដ៏មង្គលប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតាទាំងមួយម៉ឺនលោកធាតុ មហិទ្ធិឫទ្ធិទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម មហោធរៈទេវី តេជៈបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងតេជៈបារមីព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សូមព្រះមេត្ដាជួយប្រោះព្រំគាំពារថែរក្សាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសព្ទសាធុការពរបវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជា ព្រះប្រមុខរដ្ឋ និងជាម្លប់ត្រជាក់ត្រជុំដល់ប្រជារាស្ដ្រខ្មែរជាកូន-ចៅ របស់ព្រះអង្គបានជ្រកកោនរស់នៅប្រកបដោយ សុខសន្ដិភាព សេចក្ដីសុខក្សេមក្សាន្ដ និងរុងរឿងថ្កុំថ្កើងជានិច្ចនិរន្ដរ៍ដរាបតរៀងទៅ។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្ដាប្រោសទទួលនូវអភិវន្ទនកិច្ច និងភក្ដីភាពដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ