logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តប៉ៃលិន ប្រជុំត្រៀមផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ការបិទយុទ្ធនា​ការឃោសនា និងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
51
30-May-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ប៉ៃលិន៖ រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានបើក​កិច្ច​ប្រ​ជុំ ស្ដីពីការពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅក្នុងខេត្ត និងត្រៀមរៀបចំផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់សម្រាប់ការបិទយុទ្ធនាការឃោសនា និង ដំណើរ​​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ស្ថិតក្រោមអធិបតីភាព លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈ អភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់​ធ្នាប់ ក្នុងការបិទ យុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ដើម្បីអោយបានកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់គឺស្ថាប័នជំនាញ​ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង ៣ប្រភេទ ត្រូវ សហការគ្នាអោយបានល្អដោយត្រូវ​អនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់បទបញ្ជានីតិវិធី និងក្រម​សីលធម៌ ដោយស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បី​ធានាបាននូវសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋ​ទាំងអស់ទទួលយកបាននូវលទ្ធផលនៃការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ៕

លោកជំទាវប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរ និងវាយ​តម្លៃ​ខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកង​កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលបានបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានលទ្ធផលល្អ ហើយក៍ជាមោទនភាពដែលយើងទាំងអស់គ្នា បានខិតខំអនុវត្តន៍ការងារតាមផែនការ ធ្វើឱ្យខេត្តប៉ៃលិន មានការអភិវឌ្ឍរីកចម្រើន ព្រមទាំងកសាងបាននូវសមិទ្ធផលថ្មីៗជាច្រើនជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូច្នេះយើងត្រូវខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើសេវា​សាធារណៈ​ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ជំរុញដល់ អាជ្ញាធរមូលដ្ឋាន​គ្រប់​លំដាប់ ថ្នាក់ និងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើ​កិច្ចការពារ​ការឆ្លង​រីក​រាល​ដាលនៃជំងឺកូវីដ-១៩ ឱ្យល្អបំផុត ដោយបំផុសឱ្យប្រជាពលរដ្ឋ បន្តអនុវត្តអោយ​បានខ្ជាប់ខ្ជួននូ​វវិធានសុវត្ថិភាព «៣ការពារ ៣កុំ» និងបន្តផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋទៅចាក់វ៉ា​ក់សាំង​ការពារជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ