logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីអភិសេករូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ ស្ថិតនៅចំណុចសួនច្បារមាត់ទន្លេ សង្កាត់កំពង់ចាម
114
30-May-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីអភិសេករូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ ស្ថិតនៅចំណុចសួនច្បារមាត់ទន្លេ សង្កាត់កំពង់ចាម។ បន្ទាប់ពីបានយកមកតម្កល់ទុក នៅចំណុចលើសួនច្បារមាត់ទន្លេ ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម រួចរាល់ជាស្ថាពរ រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរវ័ណនេះ ត្រូវបានរដ្ឋបាលខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន រៀបចំពិធីអភិសេក ទៅតាមកិច្ចសាសនា ក្រោមការអញ្ជើញចូលរួម ពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងលោកជំទាវ ជាភរិយា អមដំណើរដោយ ឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងតំណាងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

សូមរំលឹកថា រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ ជាសមិទ្ធផលថ្មីមួយទៀតរបស់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ក្រោមគំនិតផ្តួចផ្តើមកសាងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយសប្បុរសជននានាផងដែរ។

តាមប្រសាសន៍គូសបញ្ជាក់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា ការកសាងរូបសំណាកបដិមា ព្រះឥន្ទ្រគង់លើដំរីឯរវ័ណនេះ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាន នៃរចនាបថចម្លាក់លោត នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថ៣ បញ្ចូលគ្នាគឺ៖ ទី១.បថបាពួន ទី២.បថអង្គរ និងទី៣.បថបាយ័ន។ ចំណែកឯ បដិមាព្រះឥន្ទ្រគង់លើដំរីវិញ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ «សន្តិភាព-ឈ្នះចម្បាំង» តំណាងឱ្យសេចក្តីដឹងគុណចំពោះ «សន្តិភាព» ដែលព្រះរាជាណាចក្រកម្ពុជាយើង កំពុងទទួលបានសុខសន្តិភាពពេញបរិបូរណ៍ដូចពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួរកត់សម្គាល់ដែរថា បន្ទាប់ពីរូបសំណាកដ៏ប្រណិតខាងលើនេះ បានរៀបចំពិធីអភិសេកទៅតាមកិច្ចសាសនា រួចរាល់នោះ ទីកន្លែងនេះនឹងប្រែក្លាយទៅកន្លែងទីសក្ការៈបូជា របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរណ៍ជិតឆ្ងាយ ដែលបានមកលេងកំសាន្តនៅតំបន់នេះ។ មួយផ្នែកទៀត កន្លែងនេះ ក៏ជាទីកន្លែងមួយដ៏សំខាន់ផងដែរ សម្រាប់ភ្ញៀវទេសចរណ៍បានផ្ដិតរូបទុកជាអនុស្សាវរីយ៍ នាពេលកន្លងមកដែលបានមកលេង ខេត្តកំពង់ចាមនេះ។ 

សូមបញ្ជាក់ផងដែរថា ពិធីខាងលើក៏បានរៀបចំយ៉ាងឱឡារឹក និងអធិកអធមទៅតាមកិច្ចសាសានា ដោយបាននិមន្តព្រះសង្ឃចំនួន ៧អង្គ ចំរើនព្រះបរិត្រ ប្រោះព្រហ្ម និងអភិសេក តម្លើងរិទ្ធិរាសីរូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ ទទួលបានអំណាចចេស្ដារ ផ្ដល់នូវពរសេចក្ដីសុខ សេចក្ដីចំរើន ដល់ប្រជាពលរដ្ឋនៅក្នុងទូទាំងខេត្ត រួមជាមួយភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកលេងកំសាន្តនៅក្នុងទឹកដីខេត្តកំពង់ចាមផងដែរ។ ដោយឡែក ដើម្បី ឱ្យភ្ញៀវមកលេងកំសាន្តហើយបានជ្រាបអំពីរឿងរ៉ាវ នៃរូបសំណាកនេះ ថ្នាក់ដឹកនាំខេត្ត ក៏បានរៀបចំសិលាចារិក អំពីសាវតាបដិមាករ នៅក្បែររូបសំណាកព្រះឥន្ទ្រគង់លើដំរីឯរវ័ណនោះផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ