ប៉ៃលិន៖ ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត មានប្រសាសន៍លើកឡើងថា ដោយសាររដូវនេះ ជារដូវមានភ្លៀងធ្លាក់ច្រើន និងលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលងាយបង្កការគ្រោះថ្នាក់កើតឡើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូល ។
លោកជំទាវ បាន ស្រីមុំ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ និងមិនបានជួយដោះស្រាយនោះទេ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា គ្រោះថ្នាក់ធម្មជាតិ គឺតែងតែកើតមាន ឡើងជាយថាហេតុ ជាក់ស្តែងកាលពីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយ ឡំនឹងខ្យល់កន្ត្រាក់ បានបណ្តាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន ២៨គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ហើយបើមានបញ្ហា អ្វីកើត ឡើងនៅក្នុងមូលដ្ឋាន របស់បងប្អូនរស់នៅ សូមប្រញ៉ាប់រាយការណ៍មកកាន់ អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុតឲ្យបានលឿនដើម្បីឱ្យក្រុមការងារចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់បានទាន់ពេលវេលាក្នុងការចូលរួមសម្រាលការខ្វះខាតនានាជាបណ្តោះអាសន្ន។
លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍លើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមកុំឱ្យមានការអស់សង្ឃឹមត្រូវខិតខំប្រឹងប្រែងប្រកបមុខរបររកស៊ី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារទៅថ្ងៃខាងមុខបន្តទៀត ហើយបើទោះបីជាអំណោយទាំងនេះ វាមិនអាចដោះស្រាយក្នុងជីវភាពរបស់ពួកគាត់ បានយូរអង្វែងក្តី តែក៍អាចដោះស្រាយបានមួយរយៈផងដែរ ជាពិសេសត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនានា។
សូមបញ្ជាក់ថា៖ អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ផ្តល់ជូនដល់គ្រួសាររងគ្រោះ ទាំង២៨គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅក្នុង១គ្រួសារៗទទួលបានរួមមាន៖ អង្ករ៥០គីឡូក្រោម,ត្រី១យួ,ទឹកស៊ីអ៊ីវ១យួ,ទឹកបរិសុទ្ធណាវី១កេះ,កៅស៊ូតង់១,ស័ង្កសី១ឈុត,ឃីត១កញ្ចប់ (មុង ភួយ កន្ទេល ខ្នើយ ក្រមា)និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន