

នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលាឃុំពញាឮ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
នាឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ បានថ្លែងថា ក្រុមប្រឹក្សាឃុំភ្នំបាត ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងមកនេះ ត្រូវយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងបន្តខិតខំថែរក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមអភិបាលខេត្ត បន្តថា ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់ប្រជាពលរដ្ឋ សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវខិតខំផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារ និយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំង ត្រូវអនុវត្ដឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់។
ទន្ទឹមនឹងនោះក្រុមប្រឹក្សាឃុំភ្នំបាត អាណត្តិថ្មី ត្រូវសហការ និងប្រមូលរាល់កម្លាំងមហាជន ប្រជាជនក្នុងឃុំ ដើម្បីអនុវត្តឱ្យសម្រេចបានជោគជ័យនូវរាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសជំរុញការចូលរួមអនុវត្តគោលនយោបាយ "ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព" របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ផងដែរថា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៣០៦៤ ប្រ ក ស្ដីពីការទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាឃុំ មេឃុំ មេឃុំរង និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ទទួលស្គាល់សមាសភាពជាប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំភ្នំបាត មានរាយនាមដូចជា ៖ ១-លោក គង់ សុគន្ធា ជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ,២-លោក ឡឹម ស៊ីម ជាសមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី១ ,៣-លោក យុន វុទ្ធី ជាសមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី២ ,៤-លោកស្រី ជួន សារឹម ជាសមាជិកក្រុមប្រឹក្សាឃុំ ,៥-លោក ទុន សុធារក្សា ជាសមាជិកក្រុមប្រឹក្សាឃុំ ,៦-លោក សែម សុផល ជាសមាជិកក្រុមប្រឹក្សាឃុំ ,៧-លោក ថ្លាង ភឺន ជាសមាជិកក្រុមប្រឹក្សាឃុំ ,៨-លោក ជុំ សារ៉ាន់ ជាសមាជិកក្រុមប្រឹក្សាឃុំ ,៩-លោក ជា មាឃ ជាសមាជិកក្រុមប្រឹក្សាឃុំ៕
ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល










