ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត មន្ត្រីរាជការ មន្ទីរជុំវិញខេត្ត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន មកប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងស្រុកពញាឮចំនួន ៤៩វត្ត ដែលពិធីនេះបានរៀបចំឡើងនៅ ក្នុងវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ស្ថិតនៅឃុំព្រែកតាទែន និងបានបន្តទៅប្រគេនទៀនវស្សា ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងស្រុកមុខកំពូលចំនួន ២៣វត្ត រៀបចំឡើងនៅវត្តអម្ពវ័ន្ត ស្ថិតនៅឃុំឬស្សីជ្រោយ។
មានប្រសាសន៍សំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា បុណ្យចូលព្រះវស្សា គឺជាបុណ្យដែលមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលព្រះសង្ឃត្រូវចូលវស្សាតាមពុទ្ធានុញ្ញាត រយៈពេល ៣ខែជារៀងរាល់ឆ្នាំ គឺចាប់ផ្តើមពីថ្ងៃ ១រោច ខែអាសាឍ ដល់ ថ្ងៃ១៥កើត ខែអស្សុជ ហើយក្នុងអំឡុងពេលចូលវស្សាព្រះសង្ឃ គឺពុំអាចនិមន្ត ចេញពីវត្ត និងបិណ្ឌបាតដូចធម្មតាបានឡើយ ពោលគឺជាពេលមួយសម្រាប់ព្រះសង្ឃត្រូវសិក្សារៀនសូត្រធម៌វិន័យ ដូច្នេះពុទ្ធបរិស័ទមានតួនាទីសំខាន់ណាស់ ក្នុងការទំនប់បម្រុងចង្ហាន់ សម្ភារៈប្រើប្រាស់ ស្បង់ជីវ និងភេសជ្ជៈជាដើមសម្រាប់ប្រគេនព្រះសង្ឃតាមសទ្ធាជ្រះថ្លា។
ឯកឧត្តម បានបន្តថា ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទានវស្សាទៅប្រគេនព្រះសង្ឈផងដែរ ព្រោះយើងមានជំនឿថា ពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិឱ្យភ្លឺស្រស់បំព្រង មានបញ្ញាភ្លឺថ្លា និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ ហើយគេត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់ រយៈពេល ៣ខែពេញ។
សូមបញ្ជាក់ថា ទៀនព្រះវស្សា និងទេយ្យទាន ដែលថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ បានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានាឱកាសនោះគឺ ក្នុងមួយវត្តទទួលបាន អង្ករ ២០០គីឡូក្រាម, ទៀនវស្សា ១គូរ, ស្លាដក ១កញ្ចប់, ទឹកក្រូច ៥កេស, ទឹកសុទ្ធ ៥កេស, មី ៥កេស, ទឹកត្រី ២១កេសធំ និងថវិកាមួយចំនួន។ ដោយឡែកសម្រាប់វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ស្ថិតក្នុងស្រុកពញាឮ ទទួលបាន អង្ករ ៤០០គីឡូក្រាម, ទៀនវស្សា ១គូរ, ស្លាដក ១កញ្ចប់, ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស, មី ២០កេស, ត្រីខ ២កេសធំ និងបច្ច័យមួយចំនួនផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកណ្តាល