ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែងចំនួន ៤រូប និងនាយករដ្ឋបាល ១រូប ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលពិធីនេះប្រារព្ធធ្វើឡើងសាលាខេត្តព្រៃវែង។
ពិធីនេះមានចូលការរួមពីសំណាក់ប្រតិភូអមដំណើរ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរ ស្រុក ក្រុង ជាច្រើនរូប។
នាឱកាសនោះ ឯកឧត្តម លេង វី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត និងកងកម្លាំងទាំងបី បានសហការគ្នាក្នុងការអភិវឌ្ឍន៍ឱ្យខេត្តមានការរីកចម្រើន គួរឱ្យកត់សម្គាល់។
ឯកឧត្តម ក៏បានជំរុញអភិបាលរងខេត្តថ្មី ដែលទើបបានតែងតាំងថ្មី បានឡើងប្តេជ្ញាចិត្ត ក្រោយរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរងខេត្តព្រៃវែង ត្រូវខិតខំធ្វើការងារទាំងក្នុងរដ្ឋបាលខេត្ត និងជាមួយប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពរដ្ឋធម្មនុញ លិខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីដឹកនាំ និងកសាងខេត្តឱ្យទទួលបានជោគជ័យបន្តទៀត។
សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យ ស្តីពីការតែងតាំងមន្រ្តីរាជការ ដែលបានចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រកាសដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់តែងតាំងមន្រ្តីរាជការចំនួន ០៤រូប ជាអភិបាលរង នៃគណអភិបាលខេត្តព្រៃវែង និងនាយករដ្ឋបាលសាលាខេត្ត ១រូប រួមមាន៖ ១-លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្ត ,ទី២-លោក ហ៊ី ធួក អភិបាលរងខេត្ត ,ទី៣-លោក លាត ភារុន អភិបាលរងខេត្ត ,ទី៤-លោកស្រី ហ៊ន់ សុធារី អភិបាលរងខេត្ត និងទី៥-លោក ឡាច ភារ៉ាត់ នាយករដ្ឋបាលសាលាខេត្ត៕
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង