ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះត្រួតពិនិត្យអំពីស្ថានភាពទឹក ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងតាខ្មៅ និងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ មន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ផងដែរ។
ក្នុងការចុះត្រួតពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពទឹកមិនទាន់មានអ្វីគួរឱ្យកត់សម្គាល់នោះទេ ក៏ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ខ្ពស់អំពីផលវិបាកដែលអាចកើតឡើងជាយថាហេតុ ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈទុកជាមុន ដូចជា ទីទួលសុវត្ថិភាព ជំរក ទឹកស្អាត ថ្នាំសង្កូវ បង្គន់អនាម័យ និងស្បៀងអាហារជាដើម ឱ្យបានរួចរាល់សម្រាប់ត្រៀម ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀងបានទាន់ពេលវេលា ប្រកបដោយសុខសវត្ថិភាពខ្ពស់។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការក្តាប់ព័ត៌មាន និងរាយការណ៍ឱ្យបានទាន់ពេលវេលា ចំពោះករណីស្ថានភាពទឹកក្នុងករណីមានការហក់ឡើងខ្លាំង ដែលជាការព្រួយបារម្ភណាមួយ មករដ្ឋបាលខេត្តឱ្យបានទាន់ពេលវេលា និងបានជាប់ជាប្រចាំ ដើម្បីជាមូលដ្ឋានក្នុងការជួយដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ៕
ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល