logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ
59
12-October-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការ ក្រសួងមុខងារ។

លោកអភិបាលរងខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយ ចាប់ផ្តើមអនុវត្តនៅថ្នាក់ឃុំ សង្កាត់ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ ២០០២។

ផ្អែកលើបទពិសោធន៍ និងលទ្ធផលជាវិជ្ជមានដែលសម្រេចបាននៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពង្រីកដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឈានទៅរៀបចំក្របខណ្ឌច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៅថ្នាក់រដ្ឋបាលទាំងនេះ តាមអាណត្តិដែលបានកំណត់រៀងរាល់ ៥ឆ្នាំម្តងចាប់តាំងពីឆ្នាំ២០០៩មក។

អនុលោមទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ តម្រូវឱ្យមានការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធប្រព័ន្ធ និងនីតិវិធី អនុវត្តការងាររបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលក្នុងនោះការរៀបចំឡើងវិញនូវប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស គឺជាកិច្ចការដ៏មានសារៈសំខាន់ និងចាំបាច់មួយ។

ក្នុងន័យនេះ ដើម្បីផ្ដល់នូវផែនទីបង្ហាញផ្លូវរយៈពេលវែង រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវឯកសារគោលនយោបាយ ស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានកំណត់នូវ គោលបំណង យុទ្ធសាស្ត្រនានា និងដំណាក់កាលជាក់លាក់សម្រាប់ការរៀបចំឡើងវិញ និងអនុវត្តនូវប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយភាពប្រាកដប្រជា លើកកម្ពស់ភាពជាម្ចាស់ គណនេយ្យភាព ឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងតម្រូវការអភិវឌ្ឍ ជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងស្របតាមដំណើរការនៃការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

ហើយថ្ងៃនេះ​ ខេត្តកោះកុង ពិតជាមានកិត្តិយសដោយបាន គណៈប្រតិភូក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានចុះមកដោយផ្ទាល់ ដើម្បី ធ្វើការផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីលិខិតបណ្ដាដ្ឋកតិយុត្តនានាពាក់ព័ន្ធការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទុកជាមូលដ្ឋានយកមកអនុវត្តនៅក្នុងអង្គភាព រដ្ឋបាលខេត្ត ក្រុង ស្រុក ដូច្នេះខ្ញុំសូមស្នើ អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីទទួលបន្ទុក ការងារគ្រប់គ្រងបុគ្គលិក ទាំងអស់ដែលមានវត្តមាននៅទីនេះ សូមមេត្តាយកចិត្តទុកដាក់ តាមដានស្តាប់ ការពន្យល់ ការណែនាំនានា របស់គ្រូឧទ្ទេស និងត្រូវចូលរួមជាមតិយោបល់ជាពិសេសលើកឡើងនូវសំណូម បញ្ហាប្រឈមដើម្បីរួមគ្នាដោះស្រាយ នៅពេលនេះតែម្ដង៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ