អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំដោះស្រាយករណីម្ចាស់គណនី​ហ្វេស​បុកមួយក្រោយ​ខមិនលើ​ហ្វេ​សបុកផេករបស់សម្តេចក្រឡាហោម ស ខេង
September 28, 2022 អ្នកទស្សនា :

ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីម្ចាស់គណនីហ្វេសបុកឈ្មោះ Um San ដែលបា​នខមិន​លើហ្វេ​​សបុក​ផេករបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើមឯកឧត្តមអភិបាលខេត្ត បានអានខ្លឹមសារសង្ខេបដែលបានខមិនលើហ្វេ​សបុកផេករបស់​ស​ម្តេចក្រ​ឡាហោម ស ខេង មានដូចខាងក្រោម៖

សូមគោរពសម្ដេចក្រឡាហោមជាទីគោរពដ៏ខ្ពង់ខ្ពស់ខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅសង្កាត់លេខ១ ក្រុ​ងព្រះសីហនុ ខេត្តព្រះសីហនុ។ ខ្ញុំបាទធ្លាប់បានឮសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីអំពីការមិន​យក​ថ្លៃធ្វើ​សំបុត្រកំណើត សំបុត្រមរណភាព និងធ្វើសំបុត្រអាពាហ៍ពិពាហ៍ជាដើម។ ប៉ុន្តែជាក់ស្តែង​នៅ​សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពេលនេះខ្ញុំបាទបានធ្វើសំបុត្រអាពាហ៍ពិពាហ៍ ជាងមួ​យខែហើយនៅតែធ្វើមិនហើយតែបើអ្នកដែលឱ្យលុយចាប់ពី $១០០ឡើងទៅក្នុងរយៈពេល៣​ថ្ងៃគឺ​បាន​ហើ​យ។ តើ​នេះគឺមកពីខ្ញុំបាទមិនមានលុយឱ្យពួកគាត់ឬ? សូមសម្តេចមេត្តាជ្រាប។ ខ្ញុំបាទសូមអភ័យ​ទោស​ចំពោះសម្តេច សូមអរគុណសម្តេច។

លោក អ៊ុ ញ៉ាត ម្ចាស់គណនីហ្វេសបុក Um San បានទទួលស្គាល់ការខមិនរបស់​លោកចូល​ក្នុងហ្វេ​ស​បុកផេករបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដោយ​សារលោ​កមា​នការអន់ចិត្តចំពោះការស្នើសុំធ្វើសំបុត្រអាពាហ៍ពិពាហ៍មានភាពយឺតយ៉ាវ ដោយ​លោកមិន​បានដឹ​ង​ថាបង្កឱ្យមានរឿងរាវបែបនេះទេ។ ដោយលោកខមិននេះ ក្នុងន័យស្ថាបនា និងសូមអភ័យ​ទោសថ្នា​ក់ដឹ​កនាំ សង្កាត់ ក្រុង ខេត្ត ដោយសារខមិននេះ ធ្វើឱ្យប៉ះពាល់ដល់សង្កាត់ គឺគ្រាន់តែមានគោល​បំណង​ស្ថាប​នាតែមួយគត់ មិនមានគោលបំណងផ្សេងនោះទេ។

លោក ឈិត សុផាត ចៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ឱ្យដឹងថា ករណីផ្តល់សេវាតាមយ​ន្តការច្រក​ចេ​ញ​​ចូលតែមួយនៅសាលាសង្កាត់លេខ១ គឺមន្ត្រីអនុវត្តតាមនីតិវិធី។ ចំពោះការយឺតយ៉ាវ​ខ្លះដោ​យសា​រតែ​ចំនួនឯកសារស្នើសុំគ្រប់ទម្រង់របស់ពលរដ្ឋមានច្រើនដោយសារសង្កាត់លេខ១កំពុងប្រកាសជាតំបន់វិនិច្ឆ័យ ហើយចំនួនមន្ត្រីបំពេញការងារមានកំណត់។ ដោយឡែកចំពោះការលើកឡើងថា អ្នកឱ្យប្រា​ក់​ធ្វើ​​​បា​នលឿន គឺពុំមានករណីនេះទេ។ ហើយកន្លងមក រដ្ឋបាលសង្កាត់លេខ១ ក៏បានអញ្ជើញលោក  អ៊ុ ញ៉ាត ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីបញ្ជាក់ពីអ្វីដែលលោ​ក​​បានលើកឡើងក្នុងផេកសម្តេចក្រឡាហោម ស ខេង។

ក្នុងនោះ លោក អ៊ុ ញ៉ាត បានបញ្ជាក់ថាលោកមានការអន់ចិត្តចំពោះការផ្តល់សេវាយឺត និងថាមិន​​មា​ន​មន្ត្រីសង្កាត់រូបណា តម្រូវឱ្យបង់ប្រាក់១០០ដុល្លា ដើម្បីធ្វើបានលឿននោះទេ។ ហើយបច្ចុប្បន្នសំ​បុត្រ​អាពា​ហ៌ដែលបានស្នើសុំនោះ គឺលោកទទួលបានហើយ ក្នុងនោះលោកក៏បានធ្វើកិច្ចស​ន្យាទ​ទួលស្គា​ល់នូវកំហុសពីការផ្តល់ព័ត៌មានមិនត្រឹមត្រូវនេះដែរ។

ក្រោយបានស្តាប់ការពន្យល់ និងការបកស្រាយរួចមកឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំ​លឹកជារួ​មដ​ល់មន្ត្រីមូលដ្ឋានឃុំសង្កាត់ឱ្យខិតខំពន្លឿន ក្នុងការផ្តល់​សេវាជូនពលរដ្ឋតាមយន្តកា​រច្រកចេ​ញ​ចូ​ល​តែមួយ និងត្រូវពិនិត្យមើលថាឯកសារណាដែលពលរដ្ឋត្រូវការចាំបាច់មិនអាចពន្យាពេលយូរបាន ត្រូ​វ​តែ​ខិតខំដោះស្រាយតាមនីតិវិធីឱ្យបានលឿន។​ហើយគ្រប់សេវាដែលខកខានមិនបានផ្តល់ជូ​នពលរដ្ឋភ្លា​មៗ ​​មន្ត្រីត្រូវប្រាប់ពន្យល់ពលរដ្ឋឱ្យបានជ្រាបពីមូលហេតុ និងត្រូវកំណត់រយៈពេលច្បាស់លាស់ ដើម្បី​ឱ្យ​​ពលរដ្ឋទៅទទួលយកមិនខកពេល។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ឯកឧត្តមមិនមានកា​រ​ហា​ម​​ឃាត់លើសេរីភាពក្នុងការបញ្ចេញមតិនោះទេ ប៉ុន្តែស្នើសុំលើកឡើងពីអ្វីដែលជាពិត។

 

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ក្រុមការងាររដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងព្រះសីហនុ ដើម្បីចុះជួយការងារផ្តល់សេវាអត្រានុកូលដ្ឋានដែលកំពុងមានសំណើសុំច្រើននៅសង្កាត់លេខ១ឱ្យបានឆាប់រួចរាល់។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថាចំពោះឃុំសង្កាត់ណាដែលមានការប្រកាស​ជាតំបន់​វិនិច្ឆ័យគឺត្រូវបន្ថែមសម្ភារ និងមន្ត្រីដើម្បីជួយបំពេញការងារបានលឿនឆ្លើយតបនឹងតម្រូវការ​របស់ប្រជា​ពល​រដ្ឋ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ឱ្យដំណើរការយន្តការសេវាច្រ​កចេ​ញចូ​​លតែមួយនៅតាមឃុំសង្កាត់ទាំង២៩ ទូទាំងខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ កន្លងមក ដើម្បីដោះស្រាយការបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោ​យគុ​ណភាព តម្លាភាព និងភាពជឿជាក់ កាត់បន្ថយពេលវេលា លុបបំបាត់អំពើពុករលួយ និងការងា​រអស​កម្មនៅតាមមូលដ្ឋាន៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ