logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញប្រកាសចូលកាន់មុខតំណែង នាយករដ្ឋបាល និងអភិបាលរង នៃគណៈអភិបាលក្រុងតាខ្មៅ
185
21-November-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល៖ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញប្រកាស លោក ចាន់ សុវណ្ណតារា និងលោកស្រី ផាន អាស៊ីម៉ា ចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងតាខ្មៅ និងលោក ជឿន វិចិត្រ ប្រកាសចូលកាន់មុខតំណែងមាននាយករដ្ឋបាលក្រុងតាខ្មៅ ដែលពិធីប្រកាសនេះ បានរៀបចំឡើងនៅសាលាក្រុងតាខ្មៅ។

ថ្លែងក្នុងពិធីនេះ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការតែងតាំង ផ្លាស់ប្ដូរបញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់រាជការមុខងារសាធារណៈ ហើយកិច្ចការដែលសំខាន់ សម្រាប់មន្ត្រីដែលតែងតាំងថ្មីនោះគឺ ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងមានការទទួលខុសត្រូវខ្ពស់  ត្រូវយកចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុងតាខ្មៅឱ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

លោកជំទាវ បានមានប្រសាសន៍ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល បានសិក្សារៀបចំច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើន ធនធានមនុស្សក្នុងជួរគណៈអភិបាលដែលជាអង្គប្រតិបត្តិ ឱ្យមានចំនួនសមស្របតាមស្ថានភាពនៃកំណើន សេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្ត្រនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

លោកជំទាវ បានបន្តថា ផ្អែកលើមូលដ្ឋាននៃវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ស្ដីពីការកំណត់ចំនួន គណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ ដែលតាមស្មារតីនៃអនុក្រឹត្យនេះ សម្រាប់ខេត្តកណ្ដាលរាជរដ្ឋាភិបាលបានសម្រេចបន្ថែមអភិបាលរងខេត្តចំនួន ០៤រូប និងក្រុង ស្រុកនីមួយៗនៃខេត្តកណ្តាល បន្ថែមអភិបាលរងក្រុង ស្រុកចំនួន ០២រូប ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ