logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ប្រចាំឆ្នាំ២០២៣
3
25-January-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ប្រចាំឆ្នាំ២០២៣។

នាឱកាសនោះ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមលោកជំទាវជាថ្នាក់ដឹកនាំខេត្ត និងក្នុងនាមលោកជំទាវផ្ទាល់ សូមថ្លែងអំណរគុណចំពោះ គណៈកម្មាធិការ ស.ស.យ.ក ខេត្តកោះកុង និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានសហការគ្នាយ៉ាងល្អក្នុងការរៀបចំឱ្យមានព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាល់នេះឡើង ហើយលោកជំទាវសង្ឃឹមថាគណៈកម្មការកីឡាបាល់ទាត់ និងមន្ទីរអប់រំ យុវជន និងកីឡា នឹងបន្តខិតខំរៀបចំឱ្យមានការប្រកួតនេះជារៀងរាល់ឆ្នាំ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវ ក៏សូមកោតសរសើរដល់ស្មារតីរបស់កីឡាករទាំងអស់ ដែលបានប្រកាន់ខ្ជាប់នូវវិន័យថ្លៃថ្នូរទាំងពេលប្រកួត និងពេលឈប់សម្រាកស័ក្តិសមជាកីឡាករគំរូក្នុងខេត្ត និងទទួលបាននូវសុខភាព សាមគ្គីភាព មិត្តភាព និងអនុស្សាវរីយ៍ដ៏ល្អៗជាច្រើន ដូចពាក្យស្លោកមួយបានលើកឡើងថា “កីឡានាំមកនូវសុខភាពល្អ ប្រាជ្ញាស្មារតីភ្លឺថ្លា និងនាំមកនូវមិត្តភាព សាមគ្គីភាព”។

បន្ថែមពីនេះ លោកជំទាវ ក៏សូមកោតសរសើរ និងចូលរួមអបអរសាទរចំពោះក្រុមកីឡាករ ដែលបានចូលរួមក្នុងការប្រកួតតាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃបិទបញ្ចប់ ហើយថែមទាំងបានដណ្ដើមជ័យជំនះជូនក្រុម ឬអង្គភាព ឬក្រុង ស្រុករបស់ខ្លួន ហើយលោកជំទាវសូមលើកទឹកចិត្តចំពោះក្រុមដែលមិនបានទទួលជ័យជំនះក្នុងឆ្នាំនេះ ត្រូវធ្វើការហ្វឹកហាត់បន្ថែមទៀតដើម្បីត្រៀមចូលរួមប្រកួតដណ្ដើមពាននៅឆ្នាំបន្តបន្ទាប់ទៀត។

លោកជំទាវបន្តថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ប្រចាំឆ្នាំ២០២៣នេះ មិនត្រឹមតែជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់កីឡាករបាល់ទាត់ខេត្តកោះកុងយើងប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តកសាង សមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករក្នុងក្រុមនីមួយៗ ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតមិត្តភាពផ្សេងៗ ឬចូលរួមប្រកួតកម្រិតថ្នាក់ជាតិផងដែរ។

លើសពីនេះទៀត លោកជំទាវបន្ថែមថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាបានផ្តល់ឱកាសល្អសម្រាប់ការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធន៍ ដែលជាមរតកវប្បធម៌ជាតិ និងជាសិល្បៈការពារខ្លួនរបស់ប្រទេសជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជនឱ្យស្រឡាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្តិសព្ទកីឡារបស់ជាតិឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។ ការផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣នេះ សម្តេចតេជោ នាយរកដ្ឋមន្ត្រី បានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បំផុសការផ្សព្វផ្សាយពីដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នាខែឧសភាខាងមុខ និងយុទ្ធនាការជាតិរាប់ថយក្រោយ ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយគិតចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ (ពោលគឺចាប់ពីថ្ងៃស្អែកនេះ) ដើម្បីបំផុសស្មារតីគាំទ្រវិស័យកីឡាជាតិ ក្រោមពាក្យស្លោក "កីឡារស់ក្នុងសន្តិភាព"។

លើសពីនេះ ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់ក្នុងខេត្តកោះកុង ឱ្យកាន់តែរីកចំរើនបន្ថែមទៀត លោកជំទាវ បានស្នើដល់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានគណៈកម្មការក្លិបកីឡាបាល់ទាត់ គណៈកម្មាធិការ ស.ស.យ.ក ខេត្តកោះកុង អាជ្ញាធរក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពកីឡាករ លើកទឹកចិត្តដល់កីឡាករទាំងអស់ ឱ្យគោរពតាមបទបញ្ជានៃការប្រកួតកីឡាជាប្រចាំ ដើម្បីលើកកម្ពស់យុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រកួត ត្រូវធ្វើការកៀគរសប្បុរសជននានា ដើម្បីជួយគាំទ្រដល់ក្រុមកីឡាកររបស់ខេត្តកោះកុង ស្នើដល់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវតែបង្កើតឱ្យមានទីលានសម្រាប់លេងកីឡា និងក្លិបកីឡាប្រចាំគ្រឹះស្ថានសិក្សារបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ការងារអប់រំកាយ និងកីឡា៕

ប្រភព៖​ រដ្ឋបាលខេត្តកោះកុង
  

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ