logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី របៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគិតយុត្តថ្មីៗ
71
26-January-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី របៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគិតយុត្តថ្មីៗ ជូនដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងខេត្តកណ្តាល ជាង ៣០០នាក់។

នាឱកាសនោះ ឯកឧត្តម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា លទ្ធផលដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះបានធ្វើឱ្យអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ បានរីកចម្រើនចំណេះដឹង ព្រមទាំងយល់ដឹងបន្ថែម អំពីនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋាន និងបានធ្វើការកែលម្អលើចំណុចខុសឆ្គងមួយចំនួន ដែលធ្លាប់អនុវត្តកន្លងមក ដើម្បីយកទៅអនុវត្ត ក្នុងការផ្តល់សេវាអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានត្រឹម ត្រូវស្របតាមនីតិវិធី។

ឯកឧត្តម បានផ្ដាំផ្ញើដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ លើការងារកត់ត្រា អត្រានុកូលដ្ឋាន ត្រូវត្រួតពិនិត្យនូវចំណុចខុសឆ្គង និងធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវស្របតាមនីតិវិធី មុននឹងចុះហត្ថលេខានៅលើសំបុត្រច្បាប់ដើម និងនៅលើគល់បញ្ជី នៃសៀវភៅគ្រប់ប្រភេទដែលបានអនុវត្តប្រចាំថ្ងៃ ជាពិសេសត្រូវរៀបចំទុកដាក់ និងថែរក្សាសៀវភៅអត្រានុកូលដ្ឋានដែលបានកត់ត្រារួច ឱ្យបានត្រឹមត្រូវ និងត្រួតពិនិត្យមើលសន្លឹកបញ្ជីនៃសៀវភៅឱ្យបានគត់មុតល្អ ជៀសវាងរបូត រហែក ឬបាត់បង់បញ្ជីណាមួយជាដាច់ខាត។

នាឱកាសនោះ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ស្វែងយល់រៀនសូត្រ និងត្រង់ត្រាប់ស្តាប់នូវរាល់ការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេសតាំងពីពេលចាប់ផ្ដើម រហូតដល់ពេបញ្ចប់វគ្គ ស្តីពីការងារអត្រានុកូលដ្ឋាន ព្រមទាំងបានចូលរួមពិគ្រោះ ពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ចែករំលែកឱ្យគ្នា ទៅវិញ ទៅមក។

ឯកឧត្តម បានឱ្យដឹងថា ក្នុងវគ្គបណ្តុះបណ្តាល​នេះ សិក្ខាកាមទាំងអស់ បានសិក្សាទៅលើមេរៀនសំខាន់ៗចំនួន ៦ រួមមាន៖ ទី១-សិក្សាទៅលើទិដ្ឋភាពទូទៅ នៃអត្រានុកូលដ្ឋាន ,ទី២-អត្រានុកូលដ្ឋានកំណើត ,ទី៣-អត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ ,ទី៤-អត្រានុកូលដ្ឋានមរណភាព ,ទី៥-អនុក្រឹត្យលេខ០៣៤ និងសេចក្តីណែនាំលេខ០៤៥​ និងទី៦-ការបំពេញរបាយការណ៍ បញ្ហាប្រឈម និងដំណោះស្រាយ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ