logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិមួយ ផលិតផលមួយ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ខេត្តកំពង់ចាម
2
27-January-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ ជំរុញចលនាភូមិមួយ ផលិតផលមួយខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិមួយ ផលិតផលមួយ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ការជួបជុំគ្នាក្នុងពេលនេះ ក្នុងគោលបំណងរួម គឺចង់ឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រ និងជម្រុញការងារចលនាភូមិមួយ ផលិតផលមួយ ឱ្យមានដំណើរការកាន់តែល្អប្រសើរ។ ឯកឧត្តម បន្ថែមថា យ៉ាងណាមិញ បើយើងពិនិត្យជារួម ឃើញថាសមាសភាពភាគច្រើនមកចូលរួមនាព្រឹកនេះ គឺជាវិស័យឯកជន ដែលមានមា្ចស់សិប្បកម្ម សេវាកម្ម សហគ្រាស អាជីវករ ផលិតករ ជាពិសេស ម្ចាស់ផលិតផលប្រមាណជិត ៤០រូប ដែលជាសមាជិកចលនាភូមិមួយ ផលិតផលមួយ នៃគណៈកម្មាធិការជម្រុញចលនាភូមិមួយ ផលិតផលមួយ ខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលខេត្ត បន្តថា ជាការពិត វិស័យឯកជនជាផ្នែកមួយយ៉ាងសំខាន់ ហើយត្រូវចាត់ទុកជាឆ្អឹងខ្នងដ៏រឹងមាំ ក្នុងការទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ។ ឯកឧត្តម បន្តថា ទោះជាយ៉ាងណាក៏ដោយ ដើម្បីធ្វើឱ្យដំណើរការអនុវត្តន៍ចលនាភូមិមួយ ផលិតផលមួយ ឱ្យមានស្ថេរភាព និងរីកចម្រើនបាន ទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់អនុវត្តន៍តាមគោលការណ៍គ្រឹះសំខាន់៣គឺ៖ ទី១. គិតជាសកលដោយធ្វើតាមមូលដ្ឋាន គឺសំដៅទៅលើគំនិតស្ថិតនៅជាប់ជាមួយនឹងវប្បធម៌ប្រពៃណី ដែលមាននៅតាមមូលដ្ឋាន ហើយពួកគេបង្កើតផលិតផលទាំងឡាយ ដែលអាចរកទីផ្សារបាន។ ទី២. ការពឹងផ្អែកលើខ្លួនឯង និងការឆ្នៃប្រឌិតរស់រវើក មានន័យថា ប្រជាជនក្នុងមូលដ្ឋានអាចសម្រេចចិត្ត ផលិតនូវផលិតផលនានា ទាំងទំនិញ និងសេវាកម្ម សម្រាប់ចលនាភូមិមួយ ផលិតផលមួយ ដែលនៅក្នុងមូលដ្ឋានយើង ហើយរដ្ឋបាលមូលដ្ឋាននោះ ត្រូវមានភារកិច្ចសម្របសម្រួល ផ្នែកបច្ចេកទេស និងទីផ្សារ និងទី៣. កត្តាជោគជ័យរបស់ភូមិមួយ ផលិតផលមួយ គឺការអភិវឌ្ឍធនធានមនុស្ស ហើយចលនានេះ នឹងពុំអាចទទួលជោគជ័យបាន ប្រសិនបើគ្មានការប្រមើលមើលទៅថ្ងៃមុខ នូវអ្នកដឹកនាំតាមមូលដ្ឋានទាំងនោះ។ ដូច្នេះ ជាការចាំបាច់ត្រូវអភិវឌ្ឍសហគមន៍មួយ ដោយត្រូវឆ្លើយតបប្រកបដោយការច្នៃប្រឌិតរស់រវើកក្នុងខណៈពេលដែលមានការប្រឈមមុខនឹងការលំបាក ឬហានិភ័យផ្សេងៗ។  

ពាក់ព័ន្ធនឹងគោលការណ៍នេះ ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា សម្រាប់ខេត្តកំពង់ចាម ពិតជាមានសក្តានុពលគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយជាតិ ចលនាភូមិមួយ ផលិតផលមួយ ។ ជាក់ស្តែង គិតត្រឹមឆ្នាំ២០២៣ នេះ ថ្នាក់ជាតិ បានទទួលស្គាល់បញ្ចូលជាសមាជិកចលនាភូមិមួយ ផលិតមួយបានចំនួន ៣៥មុខ រួចមកហើយ។ ហេតុដូចនេះហើយ ប្រសិនបើមូលដ្ឋានយើង មានការគិតគូរផ្លាស់ប្តូរឥរិយាបទមានឆន្ទៈមោះមុត អនុវត្តន៍ឱ្យបានតាមគោលការណ៍គ្រឹះសំខាន់ទាំង៣ ខាងលើ នោះមូលដ្ឋានយើង នឹងទទួលបានផលប្រយោជន៍ជាច្រើន ដូចជា បានបង្កើនការងារ នៅក្នុងសហគមន៍ ហើយធ្វើឱ្យមានការកាត់បន្ថយភាពគ្មានការងារធ្វើ និងការធ្វើចំណាកស្រុក ការបង្កើនបរិមាណផលិតផលក្នុងស្រុក ហើយគុណភាពត្រូវបានលើកកម្ពស់ និងទទួលបាននូវការជឿទុកចិត្តផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ