logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចែកវិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនអ្នកកាន់កាប់ដីធ្លីចំនួន ៧៧៦ប័ណ្ណ នៅស្រុកកៀនស្វាយ
2
25-January-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនអ្នកកាន់កាប់ដីធ្លីចំនួន ៧៧៦ប័ណ្ណ សម្រាប់ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មានប្រសាសន៍សំណេះសំណាល ក្នុងពិធីនេះឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់បំផុតលើការអនុវត្តកិច្ចការនេះកន្លងមក ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ក្នុងដំណើរការចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។

ឯកឧត្តមបន្តថា មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រួមជាមួយ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ដល់ប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភាពស្មុកស្មាញជូនប្រជាពលរដ្ឋឡើយ។

ឯកឧត្តម បន្ថែមថា ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។

ឯកឧត្តម អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ដែលបានយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ចូលរួមសហការគ្នាជាមួយមន្ត្រីចុះបញ្ជី អនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ក៏ដូចជាក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានខិតខំពុះពាររាល់ការលំបាក រហូតឈានដល់ការចែកប័ណ្ណជូនប្រជាជនរដ្ឋនាពេលនេះ។ ឯកឧត្តម ក៏បានស្នើដល់ប្រជាពលរដ្ឋ សូមថែរក្សាប័ណ្ណនេះឱ្យបានល្អ ហើយសូមខិតខំថែរក្សាដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅរបស់យើង។

នាឱកាសនោះ លោក ឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយ បានថ្លែងថា ដី គឺជាអាយុជីវិត មានតែដី គ្មានប័ណ្ណសម្គាល់ គឺមិនប្រសើរឡើយ នៅពេលនេះបងប្អូនមានប័ណ្ណសម្គាល់ដីធ្លីរបស់ខ្លួនហើយ សូមបងប្អូនថែរក្សាវាឱ្យបានល្អ ព្រោះវាផ្តល់នូវសារៈប្រយោជន៍ដល់បងប្អូន ដោយធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ។

សូមបញ្ជាក់ថា មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្ត បានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៨៤លើក ស្មើនឹង ២៦០,៧៤៥ប័ណ្ណ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ