logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកោះកុង រៀបចំពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាខេត្តកោះកុង ឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២២-២០២៣ 
61
06-March-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង រៀបចំពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាខេត្តកោះកុង ឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២២-២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានសំដែងនូវការនឹករលឹក និងសួរសុខទុក្ខដល់មន្រ្តីអប់រំ បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទូទាំងខេត្ត វិស័យឯកជន ក៏ដូចជាអង្គការដៃគូសហប្រតិបត្តិការលើវិស័យអប់រំ យុវជន និងកីឡាក្នុងខេត្តទាំងអស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរចំពោះរាល់សមិទ្ធផលការងារដែលលោក លោកស្រី ជាមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានខិតខំជួយអភិវឌ្ឍន៍វិស័យ អប់រំ យុវជន និងកីឡាក្នុងខេត្តកោះកុង។ គោលបំណង និងខ្លឹមសារលទ្ធផលនៃអង្គសន្និបាត ដែលបានបង្ហាញយ៉ាងល្អិតល្អន់ដូចមានក្នុងរបាយការណ៍ពិស្ដារ ស្ដីពីលទ្ធផលការងារអប់រំ យុវជន និងកីឡា ដោយបង្ហាញឱ្យឃើញពីចំណុចខ្លាំង ចំណុចខ្សោយ ដំណោះស្រាយ សំណូមពរ និងទិសដៅសម្រាប់ឆ្នាំសិក្សាថ្មីទៅលើគ្រប់អនុវិស័យគ្រប់ជំនាញ និងគ្រប់ផ្នែកទាំងអស់ រួមនឹងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនផងដែរ។

លោកជំទាវអភិបាលខេត្ត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាទិភាពខ្ពស់លើវិស័យអប់រំ និងវិស័យសុខាភិបាល ដូចនេះទាំងការរៀបចំផែនការហិរញ្ញប្បទាន និងយុទ្ធសាស្ត្រនយោបាយ សុទ្ធតែផ្ដោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស។ ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានដឹងដែរថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកមានការប្ដេជ្ញាចិត្តខ្ពស់ និងឆន្ទៈច្បាស់លាស់ ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដើម្បីចូលរួមរៀបចំសង្គមកម្ពុជាមួយពោរពេញដោយធនធានមនុស្សពេញលេញ ឈានទៅអភិវឌ្ឍន៍ប្រទេស ឱ្យស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសជិតខាងក្នុងតំបន់ និងលើឆាកអន្តរជាតិ សំដៅដល់គុណភាពអប់រំតែម្ដង ហើយអាណត្តិនេះទៀតសោត លោកបានដាក់ឈ្មោះឱ្យវិស័យអប់រំថា ជាអាណត្តិសាលារៀន គឺអ្វីៗត្រូវតែរៀបចំ និងប្រព្រឹត្តិទៅនៅសាលារៀនទាំងអស់ មិនត្រូវគិតតែផ្នែករដ្ឋបាលខាងលើនោះទេ។

លោកជំទាវអភិបាលខេត្ត បានបន្តថា លោក លោកស្រីជ្រាបហើយថា រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្ត ក្រុង ស្រុក កំពុងជំរុញលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យ៉ាងយកចិត្តទុកដាក់បំផុត។ បន្ថែមពីលើនេះ ក្នុងនាមលោកជំទាវផ្ទាល់ ជាគណៈអភិបាលខេត្ត ក៏ដូចជាក្រុមប្រឹក្សាខេត្ត នៅតែបន្តយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់លើវិស័យអប់រំ យុវជន និងកីឡា ដោយបានជំរុញឱ្យមានការចូលរួមគ្រប់ចលនាសកម្មភាព របស់វិស័យអប់រំគ្រប់មូលដ្ឋាន។ ដើម្បីរួមគ្នាពិចារណារកមធ្យោបាយដោះស្រាយ នូវលទ្ធភាពផ្ដល់សេវាអប់រំ នៅតាមសាលារៀនសាធារណៈ និងការអប់រំក្រៅប្រព័ន្ធបានគ្រប់ៗគ្នា ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចែងថាធានាឱ្យការអប់រំមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ន និងលើកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នាការអភិវឌ្ឍយុវជន និងការលើកកម្ពស់វិស័យកីឡា និងពង្រឹងសមត្ថភាពស្ថាប័នដើម្បីធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់។

លោកជំទាវ អភិបាលខេត្ត បានបញ្ជាក់ថា ជាការពិតណាស់បើយើងបង្កើនការទទួលខុសត្រូវកាន់តែខ្ពស់ជាងមុននោះ សមត្ថភាពផ្ដល់សេវាអប់រំ ក៏កាន់តែទូលំទូលាយ និងមានគុណភាពខ្ពស់ដែរ ដូចដែលលោក លោកស្រី និងអង្គសន្និបាតទាំងមូលពិភាក្សារួចហើយ។ ការបង្កើនស្មារតីទទួលខុសត្រូវភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់លើការងារផ្អែកលើលទ្ធផលនៅគ្រប់កម្រិតថ្នាក់ គឺជាគោលការណ៍គន្លឹះនៃការអនុវត្តកម្មវិធីកំណែទម្រង់របស់យើង ដែលជាមធ្យោបាយដ៏ល្អបំផុតនៃការបង្កើនស្មារតីធ្វើការងារជាមួយគ្នាដោយសុខដុមរម្យនា ដើម្បីការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡាឱ្យកាន់តែប្រសើរឡើង៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ