រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីបើកវគ្គបំប៉ន ស្តីពីការងារចុះបញ្ជីដីធ្លី ជូនក្រុមចុះបញ្ជីដីធ្លី មកពីបណ្តាក្រុង-ស្រុក ទាំង១១
January 27, 2023 អ្នកទស្សនា :

ខេត្តកណ្តាល៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីបើកវគ្គបំប៉ន ស្តីពីការងារចុះបញ្ជីដីធ្លី ជូនដល់ក្រុមចុះបញ្ជីដីធ្លី មកពីបណ្តាក្រុង-ស្រុក ទាំង១១ ក្នុងភូមិសាស្ដ្រខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល។

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត បានបញ្ជាក់ថា ពិធីបើកវគ្គបំប៉ន ស្តីពីការងារចុះបញ្ជីដីធ្លី ជូនដល់ក្រុមចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធខេត្តនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ពន្លឿនដល់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ តាមផែនការដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៣ ត្រូវជំរុញអនុវត្តឱ្យបាន ១៦០,០០០ក្បាលដី និងឈានដល់ការចេញប័ណ្ណឱ្យចប់សព្វគ្រប់ក្នុងខេត្តកណ្តាល នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម បន្តថា វគ្គបណ្តុះបណ្ដាលនេះ អាចដំណើរការទៅបានដោយសារមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់គ្រូឧទ្ទេស ដែលមានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ល្អៗ ដើម្បីចែករំលែកជូនដល់សិក្ខាកាមទាំងអស់ ដើម្បីជំរុញការបញ្ជីដីធ្លីនៅក្នុងខេត្តកណ្តាល ឱ្យចប់តាមផែនការដែលបានដាក់ចេញ។

ឯកឧត្តម ក៏បានជំរុញដល់ក្រុមចុះបញ្ជីដីធ្លីមកពីបណ្តាក្រុង-ស្រុក ទាំង១១ ក្នុងខេត្តកណ្តាល ត្រូវបន្តខិតខំអនុវត្តការងារ និងផ្តល់កិច្ចសហការ ដើម្បីវាស់វែងចេញប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ពិសេសប័ណ្ណដែលនៅសេសសល់ ត្រូវពន្លឿនដើម្បីចែកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

នាឱកាសនោះដែរ លោក វុឌ្ឍី វណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមត្រងត្រាប់ស្តាប់ និងកត់ត្រា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលយកនូវចំណេះដឹងថ្មីៗ រួមជាមួយនឹងបទពិសោធន៍ល្អៗ ពីវាគ្មិន ដែលនឹងធ្វើការណែនាំបណ្តុះបណ្តាល បង្ហាត់បង្រៀន ចែករំលែកជូនក្នុងវគ្គបំប៉ននេះ ដើម្បីពង្រឹងសមត្ថភាពជំនាញ ក្នុងការអនុវត្តជាក់ស្ដែងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើង ប្រកបដោយប្រសិទ្ធិភាពខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ