logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២
97
01-February-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរ អង្គភាព ជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក ទាំង១១ ផងដែរ។

លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បានឱ្យដឹងថា មន្ទីរ បានចុះផ្សព្វផ្សាយអប់រំចំណេះដឹងបរិស្ថាន ការគ្រប់គ្រងសំរាមសំណល់រឹង សំណល់ផ្លាស្ទិក កិច្ចគាំពារបរិស្ថាន ដើម្បីភូមិស្អាត សហគមន៍ស្អាត ផ្លូវសាធារណៈស្អាត គ្មានសំរាមបានចំនួន ៥៩ភូមិ ក្នុងក្រុងតាខ្មៅ មានអ្នកចូលរួមសរុប ២៣៤០នាក់ ស្រី ១៣៦២នាក់ បានចុះអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថាន និងច្បាប់បរិស្ថានមួយចំនួនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានចំនួន ០៥សាលារៀន មានអ្នកចូលរួមចំនួន ២៦៨នាក់ ស្រី ១៥៨នាក់ ដោយបានការសហការពីគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គផងដែរ។

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងារ និងកិច្ចសហការរបស់មន្ទីរបរិស្ថានខេត្តកណ្ដាលនាពេលកន្លងមក ដែលបានចូលរួមសហការយ៉ាងសកម្មបំផុត ដោយបំពេញតួនាទីភារកិច្ចជាសេនាធិការឱ្យរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការរៀបចំលិខិតបទដ្ឋានគតិយុត្តនានា សេចក្តីណែនាំនិងគំរូផែនការងារនានាសំដៅ គាំទ្រដល់ការអនុវត្តមុខងារដែលបានផ្ទេរដោយក្រសួងបរិស្ថាន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាពតម្លាភាព និងគណនេយ្យភាព សំដៅធានាបាននៅសោភ័ណ្ឌភាព ក្រុង-ស្រុក និងកិច្ចគាំពារសុខមាលភាពសាធារណៈជាដើម។

ឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថា រដ្ឋបាលខេត្តបានបង្កើតគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ដែលមានការអនុវត្តយ៉ាងផុសផុលជាប្រចាំតាមបណ្ដារដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់ បានទទួលអនុវត្តគម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងតាខ្មៅ កំណត់ទីលានចាក់សំរាមដែលជាគម្រោងរបស់ធនាគារពិភពលោក និងជំរុញការប្រឡងប្រណាំងផ្ទៃក្នុង ភូមិ-ឃុំ មានសុវត្ថិភាព វិស័យបរិស្ថាន ដែលរហូតមកដល់ពេលនេះក្រុមការងារខេត្ត បានអនុវត្ត ៣ជំហានហើយ ដែលនឹងកំណត់ជ័យលាភីនៅខែមេសាឆ្នាំ២០២៣។

លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងក្នុងគោលដៅនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ការដឹកនាំ និងគ្រប់គ្រងក្នុងក្របខណ្ឌរដ្ឋបាលសាធារណៈ ទាំងលើរចនាសម្ព័ន្ធដឹកនាំក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចបាននូវគោលដៅលើកកម្ពស់អភិបាលកិច្ចល្អក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលជាបុព្វហេតុដ៏សំខាន់នៅក្នុងការឆ្ពោះទៅរកវិបុលភាព និងកិច្ចអភិវឌ្ឍន៍ប្រកបដោយសមធម៌ និងបរិយាប័ន្ន៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ