នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពិភាក្សា នៃការត្រៀមរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដែលមានទីតាំងនៅស្តាតថ្មី ស្ថិតនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលក្រុងស្រុកទាំង៩។
ឯកឧត្តម ងួន រតនៈ បានថ្លែងថា ការត្រៀមរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនាពេលនេះ មានការរៀបចំស្តង់តាំងពិពណ៌ សមិទ្ធិផលនានា បន្ទាប់ពីចប់ពិធីត្រូវរក្សាទុកមួយយប់ និងកម្មវិធីលេងកម្សាន្តទាំងយប់ទាំងថ្ងៃសម្រាប់ទុកឱ្យប្រជាពលរដ្ឋទូទៅបានឃើញ និងស្វែងយល់ទាំងអស់គ្នា។ ជាមួយគ្នានោះដែរ ក្រុមការងារបានបង្ហាញនូវផ្ទាំងរូបភាព ដើម្បីពិភាក្សាពីផែនការលម្អិត ត្រៀមរៀបចំកែលម្អសោភ័ណ្ឌភាពក្នុងបរិវេណពិធី និងជុំវិញពិធីត្រៀមរៀបចំប័ណ្ណចូលរួម និងផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់ឱ្យមានសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋទាំងមូល។
ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ដើម្បីឱ្យដំណើរការព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លមានប្រសិទ្ធភាព និងប្រកបដោយរលូន ថ្នាក់ដឹកនាំខេត្ត និងរៀបចំប្រជុំបន្តទៀតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ឱ្យប្រធានមន្ទីរជុំវិញខេត្ត ត្រូវតែមានរបាយការណ៍មួយពិតប្រាកដ និងជាក់លាក់ ដើម្បីរៀបចំទីតាំងដាក់តាំងពិព័រណ៍ឱ្យមានភាពស្រស់ស្អាតក្នងការទាក់ទាញភ្ញៀវជាតិ ភ្ញៀវអន្តរជាតិមកទស្សនា និងកម្សាន្តឱ្យបានច្រើនកុះករ។ លើសពីនេះទៀត ខេត្តកំពង់ធំក៏មានការដង្ហែព្រះអគ្គីកីឡាឆ្លងកាត់ខេត្តកំពង់ធំ ដូច្នេះយើងត្រូវរៀបចំវេទិកា និងពិធីស្វាគមន៍ដល់ភ្ញៀវទាំងអស់ដែលអញ្ជើញមកដល់ខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦ ពីស្រុកស្ទោង រហូតដល់ស្រុកទាំងគោក ឱ្យប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមឲ្យបានច្រើន ពិសេសកីឡាករគ្រប់ប្រភេទ តារាចម្រៀង សិល្បៈចូលរួមលើកទឹកចិត្ត មានភាពក្លាហានដើម្បីឲ្យប្រទេសកម្ពុជាមានភាពចម្រើន៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ