ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់ សម្រាប់ការប្រឡងប្រណាំង ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
June 04, 2023 អ្នកទស្សនា :

ខេត្តកណ្ដាល៖ ក្នុងពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់ សម្រាប់ការប្រឡងប្រណាំងផ្ទៃក្នុងខេត្ត «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ខេត្តកណ្តាល ឆ្នាំ២០២២ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអបអរសាទរ ឃុំដំណាក់អំពិល នៃស្រុកអង្គស្នួល និងភូមិតាក្តុល នៃក្រុងតាខ្មៅ ទទួលបានជ័យលាភីលេខ១ សម្រាប់ការប្រឡងប្រណាំង ផ្ទៃក្នុងខេត្តក្នុងវិស័យបរិស្ថាន។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្តស្តីពី «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន គឺឈរលើមូលដ្ឋានវាយតម្លៃ និងដាក់ពិន្ទុផ្នែកលើលក្ខណៈវិនិច្ឆ័យ ចំនួន៣ សូចនាករ ចំនួន១០ មធ្យោបាយផ្ទៀងផ្ទាត់ចំនួន ៩១ចំណុច ព្រមទាំងមាននីតិវិធី និងដំណើរការនៃការជ្រើសរើសជ័យលាភី ចំនួន ៥ជំហាន។

ឯកឧត្ដម អភិបាលខេត្ត បន្តថា ក្រសួងបរិស្ថាន បានរៀបចំការប្រឡងប្រណាំង ស្ដីពី ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងវិស័យបរិស្ថាន ដោយផ្អែកលើលក្ខណៈសម្បត្តិទី៦ គឺ មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ ដែលកម្មវិធីនេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីគាំទ្រ និងអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់តម្លៃ និងលើកទឹកចិត្តដល់ភូមិ-ឃុំ-សង្កាត់ ដែលអនុវត្តបានល្អនូវលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមគោលការណ៍ណែនាំ ស្តីពីការប្រឡងប្រណាំង ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងវិស័យបរិស្ថាន ឆ្នាំ២០២២។

ឯកឧត្ដម អភិបាលខេត្ត បានជំរុញដល់ភូមិ ឃុំ-សង្កាត់ ដែល ទទួលបានជ័យលាភីទាំងអស់ត្រូវយកចិត្តទុកដាក់ សហការជាមួយរដ្ឋបាលក្រុង ស្រុកនីមួយៗ ដើម្បីត្រៀមលក្ខណៈបានពេញលេញ ក្នុងការចូលរួមកម្មវិធីប្រឡង ប្រណាំងថ្នាក់ជាតិ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្នុងវិស័យបរិស្ថានឆ្នាំ២០២៣ ដែលរៀបចំដោយក្រសួងបរិស្ថាន នាពេលខាងមុខ។

លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បានឱ្យដឹងថា ភូមិ-ឃុំ-សង្កាត់ ដែលឈ្នះការប្រកួតប្រជែងក្នុងកម្មវិធីប្រឡងប្រណាំងថ្នាក់ខេត្ត ស្ដីពី «ភូមិ-ឃុំ- សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន បានលើ៖ ឃុំដំណាក់អំពិល នៃស្រុកអង្គស្នួល ទទួលបានជ័យលាភីលេខ១ ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ៥លានរៀល។ ឃុំភូមិធំ នៃស្រុកកៀនស្វាយ ទទួលបានជ័យលាភីលេខ២ ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ៣លានរៀល។ ឃុំបាក់ដាវ នៃស្រុកខ្សាច់កណ្តាល ទទួលបានជ័យលាភីលេខ៣ ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ២លានរៀល៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ