

នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីជួបសំណេះសំណាលសួរសុខទុក្ខអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនក្នុងស្រុកកំពង់ត្រឡាចចំនួន ២២០នាក់ និងបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជា ស្ថិតក្នុងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
ឯកឧត្ដមទេសរដ្ឋមន្ដ្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្ដេចតែងគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជននៅទូទាំងប្រទេស។ ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានឧបត្ថម្ភថវិកាជូនអតីតយុទ្ធជនទាំង ២២០នាក់ ក្នុងម្នាក់ៗថវិកាចំនួន ៥ម៉ឺនរៀល ផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង






