logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមបើកវគ្គបំប៉នស្តីពី ការងារចុះបញ្ជីដីធ្លី នៅក្រុងអរិយក្សត្រ និងស្រុកពញាឮ
68
05-October-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ​ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធីបតីបើកវគ្គបំពាក់បំប៉ន ស្តីពីការងារចុះបញ្ជីដីធ្លី ជូនដល់ក្រុមចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅក្រុងអរិយក្សត្រ និងស្រុកពញាឮ ខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្ត បានបញ្ជាក់ថា ពិធីបើកវគ្គបំពាក់បំប៉ន ស្តីពីការងារចុះបញ្ជីដីធ្លី ជូនដល់ក្រុមចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅក្រុងអរិយក្សត្រ និងស្រុកពញាឮ នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ពន្លឿនដល់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលរងខេត្ត ក៏បានអបអរសាទរចំពោះការរៀបចំឱ្យមានការបើកវគ្គបំប៉នបន្ថែមពីការងារបច្ចេកទេស និងច្បាប់ពាក់ព័ន្ធនានា ជូនដល់មន្ត្រីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្រុងអរិយក្សត្រ និងស្រុកពញាឮ ដើម្បីអនុវត្តលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យមានប្រសិទ្ធភាព និងដើម្បីជំរុញការចុះបញ្ជីឱ្យបានតាមផែនការ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្ដាល បានដាក់ចេញ។

ឯកឧត្តម អភិបាលរងខេត្ត បន្តថា យើងនឹងបន្តអនុវត្តការងារនេះ បន្តទៀតតាមផែនការ ដែលបានគ្រោងទុកឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ប្រមូលក្បាលដី, វាស់វែងក្បាលដី ឈានដល់ការចេញប័ណ្ណបន្តបន្ទាប់ទៀត រហូតដល់ចប់ ការចុះបញ្ជីទូទាំងខេត្ត។ ឯកឧត្តម សង្ឃឹមថា ក្រោយពីបានទទួលវគ្គបណ្តុះបណ្ដាលហើយ សិក្ខាកាមទាំងអស់ នឹងទទួលបាននូវចំណេះ និងជំនាញ ដែលជាស្ពានមួយឈានទៅកំណត់វិនិច្ឆ័យលើសិទ្ធិផ្សេងៗ ជាអាវគ្រោះការពារខ្លួន រាល់ការឆ្លើយតបទៅនឹងប្រជាពលរដ្ឋ ជាដើម។

នាឱកាសនោះដែរ ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងធ្វើការងារ យកអស់កម្លាំងកាយចិត្តរបស់មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានបំពេញការងារ ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ នាពេលកន្លងមកនេះ។

ឯកឧត្តម បានបន្ថែមថា ការបើកវគ្គបំពាក់បំប៉ននេះ គឺក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត ដល់មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ឱ្យគាត់ទទួលបាននូវចំណេះ ជំនាញថ្មីៗ បន្ថែមទៀត សម្រាប់បំពេញបន្ថែម ចំពោះការងាររបស់ខ្លួន ដែលបានអនុវត្តកន្លងមក ឱ្យមានប្រសិទ្ធភាព និងដំណើរការបានទៅដោយរលូន និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

ឯកឧត្តម ក៏បានស្នើដល់មន្ត្រីទាំងអស់ត្រូវសួរនៅចំណុចដែលខ្លួនមិនច្បាស់ នៅត្រង់ចំណុចណាមួយទៅលោកគ្រូដែល បង្ហាញនៅនីតិវិធីមួយចំនួននោះ ដើម្បីឱ្យគាត់បកស្រាយជូនដើម្បីទុកជាមូលដ្ឋានសម្រាប់ធ្វើការងារ ទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើយ៉ាងណាបំពេញ តម្រូវការចាំបាច់ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននោះ ឱ្យកាន់តែប្រសើរឡើង​ទ្វេដងបន្ថែមទៀត ដើម្បីបញ្ចប់ការវាស់វែងដីធ្លីនេះ ជូនពួកគាត់បានលឿន និងឆាប់ចប់ នាពេលខាងមុខនេះ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ