ខេត្តកណ្តាល ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់ ឯកឧត្តម ជឺ សុខ ប្រធានសាលាដំបូងខេត្តកណ្តាល ជំនួស ឯកឧត្តម ហុក វ៉ាន់ធីណា ត្រូវបានផ្ទេរមុខតំណែង ជាប្រធានសាលាដំបូងខេត្តសៀមរាបវិញ ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ពិធីនេះបានធ្វើឡើងនៅសាលាដំបូងខេត្ត ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពកងកម្លាំងប្រដាប់វុធ ក្នុងខេត្តកណ្តាលផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រ និងសមិទ្ធផល ដែលរដ្ឋបាលខេត្តកណ្តាលសម្រេចបានកន្លងមក។ ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារពាក់ព័ន្ធវិស័យយុត្តិធម៌ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាដំបូងខេត្តកណ្តាល ដែលតែងតែបានយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងបានធ្វើឱ្យការផ្ដល់សេវាយុត្តិធម៌បម្រើជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពបានល្អប្រសើរ។
ឯកឧត្តម អភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម ប្រធានសាលាដំបូងខេត្តកណ្តាល ដែលទទួលបាន ការតែងតាំងនាឱកាសនេះ នឹងប្រើប្រាស់នូវចំណេះដឹង ជំនាញ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី បទពិសោធន៍ការងារ រួមកម្លាំងសាមគ្គីជាធ្លុងមួយ ជាមួយរដ្ឋបាលខេត្តកណ្តាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីសម្រេចបានជោគជ័យ នូវសមិទ្ធិផលថ្មីៗបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូននូវសេវាយុត្តិធម៌ស្របតាមអភិក្រមរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺធ្វើឱ្យលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ នឹងបន្តចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការបំពេញកិច្ចការងារសង្គមការងារមូលដ្ឋាន ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត រួមគ្នាគិត រួមគ្នាកសាង អភិវឌ្ឍខេត្តឱ្យមាន ការរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តម ជឺ សុខ បន្ទាប់ពីទទួលត្រាចូលកាន់តំណែងជាប្រធានសាលាដំបូងខេត្តកណ្តាល បានឡើងប្តេជ្ញាចិត្តធ្វើយ៉ាងធានាការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពស្មារតីទទួលខុសត្រូវ សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ព្រមទាំងសម្រេចឱ្យបានលទ្ធផលថ្មីៗបន្ថែមទៀត។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណកោតសរសើរ ដល់ឯកឧត្តមអភិបាលខេត្តកណ្តាល ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចជំនាញ ទាំងអស់ក្នុងខេត្តតែងតែបានសហការជាមួយសាលាដំបូងនិងរាជអាជ្ញាអមសាលាដំបូងខេត្តក្នុងការដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋបានល្អប្រសើរ។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការតែងតាំង ផ្លាស់ប្តូរ និងផ្ទេរភារកិច្ចនេះ គឺជារឿងធម្មតា ក្នុងគោលបំណងដើម្បីធានាឱ្យមានកិច្ចដំណើរការការងារកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយភាពមិនលម្អៀង ភាពត្រឹមត្រូវ និងភាពយុត្តិធម៌។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកជាថ្មី ដល់ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ និងមន្ត្រីរាជការទាំងអស់នៃសាលាដំបូងខេត្តកណ្តាល ពិសេសឯកឧត្តម ជឺ សុខ ដែលទើបតែងតាំងជាប្រធានសាលាដំបូងខេត្តកណ្តាល ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងអាជ្ញាធរមានសមត្ថកិច្ចឱ្យបានល្អ ហើយត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋអោយបាន លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត៕
ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល