logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការសុំផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការស៊ីវិល
110
19-October-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល ៖ នៅថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ ឯកឧត្តម នុតពុធ ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការសុំផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការស៊ីវិល ដោយមានការចូលរួមពី ប្រធានការិយាល័យ មន្ត្រីជំនាញធ្វើកិច្ចការបៀវត្ស តាមបណ្តាមន្ទីរអង្គភាព ក្រុង-ស្រុក ទាំង១៣។

នាឱកាសនោះ លោក​ លាង ច័ន្ទរង្សី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្តាល បានថ្លែងថា ដើម្បីពង្រឹងប្រសិទ្ធភាព នៃការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការស៊ីវិល ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីណែនាំស្តីពី នីតិវិធីនៃការផ្តល់ទិដ្ឋាការលើការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិល នៅថ្នាក់ក្រោមជាតិ។ ដូចនេះវគ្គបណ្តុះបណ្តាលថ្ងៃនេះមាន គោលបំណងគឺ ដើម្បីឱ្យ លោក លោកស្រី ប្រធានការិយាល័យ ពិសេសមន្ត្រីជំនាញធ្វើកិច្ចការបៀវត្ស តាមបណ្តា មន្ទីរ អង្គភាព ក្រុង ស្រុក យល់ដឹងឱ្យបានស៊ីជម្រៅបន្ថែមទៀត ជុំវិញការស្នើសុំផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្រ្តី ដើម្បីកុំឱ្យមានការឆកល្វែង និងខ្វះខាតក្នុងការភ្ជាប់ឯកសារផ្សេងៗរាល់ពេលដែលយកមកឆ្លងមន្ទីរ មុខងារសាធារណៈ។

លោក បន្តថា នៅក្នុងខែតុលា ឆ្នាំ ២០២៣ នៅទូទាំងខេត្តកណ្តាលមានមន្ត្រីរាជការសរុបចំនួន ១៣,០១២នាក់ ក្នុងនោះស្រីចំនួន ៦,២៤១នាក់ ហើយការចំណាយឥណទានបៀវត្សប្រចាំខែមានចំនួន ២៣,១៦៤,០៩១,៩៨៧រៀល ឫប្រមាណជា ៥,៨០០,០០០ ដុល្លាអាមេរិក។ ក្នុងនោះដោយគិតត្រឹមខែតុលា ឆ្នាំ២០២៣ បានបូកសរុបប្រាក់ដែលបង្វែររួចចំនួន ៣៣លិខិត មន្ត្រីដែលបានបង្វែរសរុបចំនួន ៧៨នាក់ ដែលមានទឹកប្រាក់សរុប ៣៥៦,៦៦២,៩២៤ រៀល និងបានបូកសរុបប្រាក់មិនទាន់បង្វែរសរុបចំនួន ១៥លិខិត មន្ដ្រីដែលត្រូវធ្វើការបង្វែរសរុបចំនួន ២៦នាក់ ដែលមានទឹកប្រាក់សរុបចំនួន ១៤១,៩៥០,២៥០ រៀល និងបានពិនិត្យ និងផ្តល់ទិដ្ឋាការនៃការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការស៊ីវិលរបស់មន្ទីរ អង្គភាព និងរដ្ឋបាលខេត្ត ក្រុង ស្រុក ចំនួន ១០,៧៨៧ករណី។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម នុតពុធ ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ និងចិរភាព។ ក្នុងនោះមានកម្មវិធីនយោបាយ មួយក្នុងចំណោមកម្មវិធីនយោបាយផ្សេងទៀត បានដាក់ចេញនូវការធានាបន្តជំរុញអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងគ្រប់វិស័យដោយផ្តោតអាទិភាពលើការកែទម្រង់អភិបាលកិច្ចសំដៅពង្រឹងស្ថាប័នសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង ឆ្លាតវៃ និងស្អាតស្អំ ហើយបំពេញការងារ ក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ។

ឯកឧត្តម បន្តថា ខេត្តកណ្តាល ជាខេត្តមួយដែលប្រកបដោយសក្តានុពល ពិសេសសម្បូរទៅដោយធនធានមនុស្សយ៉ាងច្រើនកំពុងបម្រើការងារក្នុងវិស័យមុខងារសាធារណៈ។ ក្នុងនោះផងដែរ មន្ទីរមុខងារសាធារណៈខេត្តកណ្តាល ក៏បានលើកពីកង្វល់ដែលបណ្តាលមកពីការឆកល្វែង និងខ្វះខាតរាល់ឯកសារផ្សេងៗ រាល់ពេលដែលស្នើសុំធ្វើការប្រែប្រួលស្ថានភាពរដ្ឋបាល និងគ្រួសារទៅមន្ទីរមុខងារសាធារណៈម្ដងៗ។

ឯកឧត្តម បានវាយតម្លៃខ្ពស់ដល់មន្ទីរមុខងារសាធារណៈខេត្តកណ្តាល ដែលបានរៀបចំបើកវគ្គបណ្តុះបណ្តាល ក្នុងពេលនេះ និងស្នើលោក លោកស្រីប្រធានការិយាល័យ ជាពិសេសមន្ត្រីជំនាញលើការងារបៀវត្ស ត្រង់ត្រាប់ស្ដាប់ដើម្បីយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត និងលើកទឹកចិត្ត ឱ្យមានការសួរ និងឆ្លើយ រាល់បញ្ហាពាក់ព័ន្ធកិច្ចការបៀវត្ស ព្រោះនេះជាឱកាសដ៏ល្អមួយដែល លោក លោកស្រីបានជួបផ្ទាល់ជាមួយមន្ត្រីជំនាញ និងជាអ្នកអនុវត្តផ្ទាល់របស់មន្ទីរមុខងារសាធារណៈ ខេត្តកណ្តាល៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ