logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរ និង​ចូល​កាន់មុខ ប្រធានសាលាដំបូង​ខេត្ត​​ស្វា​​យរៀ​ង​
265
24-October-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរ និង​ចូល​កាន់មុខតំណែងឯកឧត្តម អ៊ាក​ ​ផល្លា​ ជាប្រធានសាលាដំបូងខេត្ត​ស្វាយរៀង​ ជំនួសឯកឧត្តម​ ឌិន​ ស៊ីវុទ្ធី ដែលត្រូវផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ស្ថិតក្រោម​អធិប​តីភាព​ដ៏ខ្ពង់​ខ្ពស់​ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ 

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដមសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឯកឧត្ដមរដ្ឋ​លេ​​ខាធិការ អនុរដ្ឋលេខាធិការ និងប្រតិភូក្រសួងយុត្តិធម៌ ឯកឧត្ដមប្រធានសាលាឧទ្ធរណ៍ និងឯកឧត្ដ​ម​អ​គ្គព្រះរាជអាជ្ញា នៃមហាអយ្យការ អមសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្ដមអគ្គលេខាធិការ អគ្គលេខាធិកា​រ​រង នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឯកឧត្ដមប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអម​សាលា​ដំបូង​រាជធានី ខេត្ត ចៅក្រមតុលាការ ចៅក្រមអយ្យការ មេបញ្ជាការ មេបញ្ជាការរងកងកម្លាំ​​ងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង-ស្រុក លោកអធិការនគរបាល និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ព្រមទាំងអស់លោក លោកស្រីជាក្រឡាបញ្ជី មន្ត្រីរាជការ នៃសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត ។

ឯកឧត្ដម ប៉េង​ ពោធិ៍សា អភិបាលខេត្តបានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះឯកឧត្ដម ឌិន ស៊ីវុទ្ធី ដែល​ក្នុងរយៈពេល នៃការកាន់មុខតំណែង​ជាប្រធានសាលាដំ​បូ​ង​ខេ​ត្តស្វាយរៀង រយៈពេលជិត ៥ឆ្នាំ កន្លងមកនេះ បានសហការ និងមានទំនាក់ទំនងយ៉ាងល្អ​ប្រសើរ​ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុង​ការដឹកនាំអនុវត្ត​វិស័​យច្បា​ប់ និងវិស័យ​តុលាការ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាពិសេសបានចូលរួមធ្វើឲ្យខេត្តស្វាយរៀង ធានាបាន​នូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមល្អប្រសើរ និងសម្រេចបាន​នូវសមិទ្ធ​ផល​ល្អៗជាបន្តបន្ទាប់។ ទន្ទឹមនេះ​ សូមផ្តាំផ្ញើរដល់ ឯកឧត្តមប្រធានសាលាដំបូងខេ​ត្តស្វាយរៀង​ដែ​ល​ត្រូ​វប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ​ ត្រូវបន្តពង្រឹងការសហការ និងសាមគ្គីភាពឯកភាពផ្ទៃក្នុង និងបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិ​យុត្តនា​នាជា​ធ​រមាន ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥យ៉ាង “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើ​ម្បីពង្រឹង​យន្តការ នៃការដឹកនាំគ្រប់គ្រងសាលាដំបូងខេត្ត ក្នុងការធានាគុណភាព ប្រសិទ្ធភាព និង​គ​ណនេយ្យភាព នៃការផ្ដល់សេវា និងបង្កើនជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋក្នុងវិស័យ​​យុត្តិធម៌ ។

ក្នុងនោះសូមឲ្យមានការសហការ​ និងទំនាក់ទំនងល្អជាមួយរដ្ឋបាល​ដែនដីគ្រប់លំដាប់​ថ្នាក់ មន្ទីរ-អង្គ​ភាព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្ត​តួនាទី​ភារកិច្ចរបស់ខ្លួន ប្រកបដោយ​ភាពម្ចា​ស់ការ ការទទួលខុសត្រូវ និងស្របតាមនីតិវិធីនានាជាធរមាន ។

ឯកឧត្តម​ កើត​ រិទ្ធ​ ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ផ្តាំផ្ញើរនូវចំណុចសំខាន់ៗ​មួយចំ​នួន​ដូចខាងក្រោម៖

១-ត្រូវពង្រឹងប្រសិទ្ធភាពចំណាត់ការសំណុំរឿង ឱ្យបានម៉ឺងម៉ាត់ តឹងរឹង ត្រឹមត្រូវ និងតម្លាភាព ជាអាទិ៍ បទល្មើសគ្រឿងញៀន, សម្អាតប្រាក់, ជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ ប្លន់ ដើម្បីរួម​ចំណែ​កអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងត្រូវអនុវត្តទោសបន្ថែមដែលជា​ការបណ្តេ​ញចេញពីកម្ពុជាចំពោះជនល្មើសជាជនបរទេស ក្រោយបញ្ចប់ការអនុវត្តទោសពន្ធនាគារ។ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរថា ចំពោះជនល្មើសដែលមានសញ្ជាតិ ២ ក្នុងនោះ​មួយ​​ជាសញ្ជាតិខ្មែរ ដែលត្រូវបានចាប់ខ្លួន ចោទប្រកាន់ ឬឃុំខ្លួនបណ្តោះអាសន្ន នៅលើទឹកដីខ្មែរ, ចៅក្រ​​មនិងព្រះរាជអាជ្ញាពុំមានកា​តព្វកិច្ចតាមផ្លូវច្បាប់ណាមួយដែលត្រូវជូនដំណឹងទៅស្ថានទូត​បរទេ​សឡើ​យ ដោយត្រូវចាត់ទុកជនល្មើសនោះជាជនជាតិខ្មែរ ដែលនេះសញ្ជាក់ពីការលើកតម្កើងអធិ​បតេយ្យ​​ភា​ពជាតិខ្មែរ។

 ២-នៅពេលជំនុំជម្រះក្តី ត្រូវវៀរចាកអគតិទាំង ៤ ប្រការគឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហា​គតិ និងត្រូវប្រកាន់យកសុគតិធម៌ទាំង ៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និង បញ្ញាវុធវិនិច្ឆ័យ។ 

 ៣-ត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ តាមគ្រប់មធ្យោបាយ, រៀប​ចំសមាសភាពមន្ត្រីដើម្បីទទួលការបណ្តុះបណ្តាលបន្ត ហើយមន្ត្រីគ្រប់រូបក្នុងវិស័យយុត្តិធម៌ ក៏ត្រូវពង្រឹ​ង​សមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ។

 ៤-ត្រូវពង្រឹងគុណភាពនៃការតាក់តែងសាលក្រម/សាលដីកាដោយត្រូវមានសំអាងហេតុ និងសំអា​ង​ច្បា​ប់​ច្បាស់លាស់ គ្រប់គ្រាន់ ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ជាធរមាន ហើយ ឯកឧត្តមឧប​នាយ​ក​រ​ដ្ឋមន្ត្រី ក៏សូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចផ្តល់កិច្ចស​ហការធានាឱ្យសេចក្តីសម្រេចរ​បស់តុលាការ​ត្រូវបា​នអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

៥-ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង ៥ របស់ សម្តេចតេជោ ហ៊ុន សែន គឺ“ឆ្លុះកញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង វះកាត់” និងអភិក្រមទាក់ទងនឹងការកែទម្រង់ទាំង៤របស់ សម្តេចធិបតីនាយ​ក​រដ្ឋម​ន្ត្រី គឺ “ចក្ខុវិស័យច្បាស់លាស់ ប្តេជ្ញាចិត្តខ្ពស់ ចូលរួមដោយស្មោះត្រង់ និងលះបង់” ក្នុងការអនុវត្តមុ​ខ​ងារ និងភារកិច្ចរបស់ខ្លួន ជាពិសេស ការត្រៀមលក្ខណៈគ្រប់បែបយ៉ាងចូលរួមអនុវត្ត​យុទ្ធនាការ​សំខាន់ៗ​ទាំង ៣ ដែលនឹងដាក់ចេញដោយក្រសួងយុត្តិធម៌នាពេលខាងមុខ៕

ប្រភព៖​រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ