logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញជាអធិបតីក្នុងប្រារព្ធមិទ្ទីញអបអរសាទរ បុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ
86
10-November-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ ២០២៣ នេះ ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រ​ដា​ប់អាវុធ សិស្សានុសិស្ស យុវជន លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិនចំនួន២៦៣៨រូប បានជួបជុំគ្នាប្រារព្ធមិទ្ទីញអបអរសាទរ បុណ្យខួប អនុស្សាវរីយ៍ លើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) នៅបរិវេណ​វិមាន​ឯករាជ្យខេត្ត ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើង ក្នុង​ឱកាស នោះថា៖ ការអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និង ទិវា​កំណើត នៃ កងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣) គឺជាទិវាប្រវត្តិ​សាស្ត្រ​ដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះវិញ្ញាណក្ខ័ន្ធ​ព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និងរំលឹកគុណ​ដល់វីរៈជន កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់​នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមាន ការតស៊ូដណ្តើមឯករាជ្យ ការពុះពារ ឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ ដែលបានកសាងនូវ អ្វីៗគ្រប់បែបយ៉ាង ដូចបច្ចុប្បន្ននេះ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ទិវានេះ បានឆ្លុះបញ្ចាំងពីជោគជ័យនៃកម្លាំងមហាសាមគ្គី របស់ប្រជាជាតិខ្មែរ យើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយ ប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើន ជាពិសេស ឆ្លងកាត់រយៈពេល ៧០ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឹនៅតែរក្សាបាន នូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រ ចេញ ពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ដើម្បី បម្រើ ឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាដរាបតរៀងមក និងយូរអង្វែងផងដែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បន្តថា៖ យើងខ្ញុំទាំងអស់គ្នាជាប្រជារាស្ត្រខ្មែរ តែងតែចងចាំ ជានិច្ច និងកត់ត្រាក្នុងក្រាំងមាស នៃប្រវត្តិសាស្ត្រជាតិ នូវព្រះមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាល ជ្រៅ របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វ​ហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើន នៃសង្គម ជាតិ ហើយព្រះអង្គ​បានបង្រួបបង្រួមអ្នកនយោបាយដែលបានបែកបាក់គ្នា ឬមាននិន្នាការនយោបាយផ្សេងៗគ្នា ឱ្យរួបរួម គ្នា វិញ បានប្រឹងប្រែងបម្រើប្រជាជនអស់ពីកម្លាំងកាយចិត្ត និងបានស្ថាបនាសង្គមរាស្ត្រនិយម ដែលជា​ស្នា​ព្រះហស្ថដ៏ មាន តម្លៃ ពុំឤចកាត់ថ្លៃបាន ពិសេស ព្រះអង្គបានត្រួសត្រាយមាគ៌ាសន្តិភាព សាម​គ្គីភាព និងអភិវឌ្ឍសម្រាប់សង្គមជាតិ ខ្មែរ ទាំងមូល ដែលទូលព្រះបង្គំខ្ញុំ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ តែងតែដង្ហែតាមមាគ៌ាដ៏ថ្លៃថ្លានេះ រៀងរហូតមក ៕

ក្នុងការប្រារព្ធមិទ្ទីញនាឱកាសនោះ គណៈអធិបតី និងតំណាងថ្នាក់ដឹកនាំខេត្ត តំណាងកងកម្លាំង​ប្រដាប់ អាវុធ ទាំង បី ប្រភេទ តំណាងផែនមន្ត្រីរាជការ និងស្ថាប័នផ្សេងៗ ក៏បានដាក់កម្រងផ្កា នៅវិមានឯករាជ្យខេត្ត ដើម្បីគោរព វិញ្ញាណ ក្ខន្ធ ដល់អ្នកស្នេហាជាតិ យុទ្ធជនយុទ្ធនារី ដែលបាន​ពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ អោយរួចផុតពី របបអាណានិគមនិយមបារាំង ពិសេស គោរពទៅដល់កម្មាភិបាលយុទ្ធជនយុទ្ធនារី អ្នកស្នេហាជាតិ ដែលបានតស៊ូ និង ធ្វើពលីជីវិត ក្នុង​ការរំដោះប្រជាជន កម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ផងដែរ៕

ប្រភព៖​ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ