តាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធរស្រុកសំរោង និងស្រុកព្រៃកប្បាស ពិសេសមន្ទីរជំនាញពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ និងស្វែងរកប្រភពទឹកមកជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករ ដែលកំពុងជួបបញ្ហាខ្វះខាតទឹកឱ្យបានទាន់ពេលវេលា ចៀសវាងមានការខូចខាត ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគាត់។
ក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលដំណាំស្រូវនិងនាំយកគ្រឿងចក្រកាយបង្ហូរទឹក មកជួយសង្រ្គោះដំណាំស្រូវប្រជាកសិករ នៅស្រុកសំរោង និងស្រុកព្រៃកប្បាស ដែលកំពុងជួបប្រទះការខ្វះខាតទឹក ជាង ១ពាន់ហិកតា នាពេលថ្មីៗនេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍បញ្ជាក់ថា ក្នុងស្រុកសំរោង ឃុំទ្រា ឃុំជើងគួន ផ្ទៃដីដំណាំស្រូវដែលកំពុងជួបបញ្ហាខ្វះខាតទឹកមានចំនួន ៦២០ហិកតា និងនៅឃុំកំពែង ស្រុកព្រៃកប្បាស មានចំនួន ៧២០ហិកតា។
ឯកឧត្តម អភិបាលខេត្ត បន្តថា ក្នុងស្ថានភាពនេះ អាជ្ញាធរស្រុកទាំង២ ត្រូវសហការគ្នា ធ្វើយ៉ាងណាស្វែងរកប្រភពទឹក ដែលអាចជួយស្រោចស្រពផលដំណាំស្រូវ របស់ប្រជាពលរដ្ឋបាន ត្រូវត្រៀមគ្រឿងចក្រមកកាយបង្ហូរទឹកទាំងនោះ យកទៅជួយសង្រោះស្រូវ របស់់ពួកគាត់ដែលកំពុងត្រូវការទឹកអោយបានទាន់ពេលវេលា ដើម្បីស្រូវមានលទ្ធភាពលូតលាស់បន្តរហូតទទួលបានទិន្នផល។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រកបរបរកសិកម្មដំណាំស្រូវ ត្រូវផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២នេះសិន ដោយចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៤ នៅតំបន់ដែលមិនមានប្រភពទឹកគ្រប់គ្រាន់៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ