logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងអង្គមិន្នីញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំ​ណើ​​ត​រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា
10
02-December-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកទី២ ខែធ្នូ ឆ្នាំ២០២៣ ខេត្តក្រចេះ រៀបចំអង្គមិន្នីញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំ​ណើ​​ត​រណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០២៣) ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិ​កម្ពុជាខេត្តក្រចេះ ដោយមានការចូលរួម ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ព្រះមេគណខេត្តទាំងពីរគណៈ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង១៥០០នាក់ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ខេត្ត​ក្រចេះ មានប្រសាសន៍បញ្ជាក់ថា ទោះបីពេលវេលាបានកន្លងផុតទៅអស់ជាង ៤ទសវត្ស ហើយក៏ពិតមែន យើងទាំងអស់គ្នានៅតែមានការ សោកស្តាយ ចងចាំ និងនឹកឃើញជានិច្ចនូវមហាសោកនាដកម្មស្រស់ៗ និងគ្រោះមហន្តរាយរបស់ជាតិយើង ដែលបណ្តាលមកពីភ្នក់ភ្លើងដ៏សន្ធោសន្ធៅនៃសង្រ្គាមស៊ីរូងផ្ទៃក្នុង បង្កឡើងដោយរដ្ឋប្រហាររបស់ក្រុមបក្សពួក លន់ នល់ តាមខ្សែញាក់របស់បរទេស បណ្តាលឱ្យកើតនូវឧក្រិដ្ឋកម្មមហាប្រល័យ នៃរបបកម្ពុជា ប្រជាធិបតេយ្យរបស់ពួកឃាតកអាវខ្មៅប៉ុលពតក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបានប្រែក្លាយទឹកដីកម្ពុជាឱ្យទៅជាគុកឥតជញ្ជាំង ជាឋាននរកដ៏ខ្មៅងងឹត ជាវាលពិឃាតដ៏សាហាវឃោរឃៅជាទីបំផុត ជាមហាសមុទ្រឈាម និងទឹកភ្នែកដែលប្រជាជនកម្ពុជាជាង ៣លាននាក់ ត្រូវបានសម្លាប់រង្គាលយ៉ាងអណោចអធម្ម និងរចនាសម្ព័ន្ធសង្គមជាតិទាំងមូល ត្រូវបានបំផ្លិចបំផ្លាញដល់ឬសគល់ខ្ទេចខ្ទីគ្មានសេសសល់។

ឯកឧត្តម វ៉ា ថន បន្តថា ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ មកដល់ថ្ងៃ២ធ្នូ ឆ្នាំ២០២៣នេះ គឺជាខួបទី៤៥ឆ្នាំ នៃការចាប់ផ្ដើមបង្កើតចលនាវាយផ្តួលរំលំកងទ័ពខ្មែរក្រហមនៃរបបកម្ពុជាប្រជាធិបតេយ្យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ រណសិរ្សនេះបានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងមានឈ្មោះដំបូងថា«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»ដឹកនាំដោយឥស្សរជនជាន់ខ្ពស់ជាច្រើនរូបរួមមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនទៀត ដើម្បីតស៊ូវាយរំដោះទឹកដី និងរំដោះជីវិតប្រជាជនកម្ពុជាពីរបបវាលពិឃាដប្រល័យពូជសាសន៍ ប៉ុល ពត ហើយទទួលបានជ័យជំនះទាំងស្រុងនាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

យើងទាំងអស់គ្នាបានចាត់ទុកស្មារតីនៃថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជាក្នុងការស្តារ កសាង និងអភិវឌ្ឍន៍មាតុភូមិឱ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេសកម្ពុជា ។ក្នុងនាមយុវជនជំនាន់ក្រោយត្រូវយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និងជ័យជំនះថ្ងៃ៧មករានោះទេ យើងក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ ហើយនេះគឺជាសច្ចៈធម៌ប្រវត្តិសាស្ត្រ ដែលមិនអាចមានជនអគតិណាមកបំភ្លៃបានឡើយ។

បន្ថែមពីនេះឯកឧត្តមបន្តទៀតថា ឆ្លងកាត់រយៈពេលជាច្រើនទសវត្សកន្លងមកនេះ ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយ ជាពិសេសគោលនយោបាយឈ្នះឈ្នះ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាពពេញលេញ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត គូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតអាទិភាព គន្លឹះចំនួន៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសយើងទាំងអស់គ្នាបាននឹងទទួលនូវសមិទ្ធផលថ្មីៗ ដូចជា៖ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ដែលតភ្ជាប់ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វប្រវែង ១.៧៦១​ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ៣១,៦៩គីឡូម៉ែត្រ ការស្ថាបនាលើកកម្រិតផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និង ៣៧៧A ប្រវែង៩៨,៤០៥គីឡូម៉ែត្រ និងកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលខ្លាស្ទុះ ដល់ឃុំស្វាយជ្រះ ស្រុកស្នួល ប្រវែង៣១,២៥គីឡូម៉ែត្រ និងផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលខ្លាស្ទះ ដល់រង្វង់មូលព្រាប ស ក្រុងក្រចេះ ផ្លូវលេខ២(វត្តប៉ាឆា) និងចាប់ពីរង្វង់មូលព្រាប ស ដល់ធនាគារអេស៊ីលីដា ព្រមទាំងផ្លូវមាត់ទន្លេទីរួមខេត្ត ចាប់ពីរង្វង់មូលព្រាបស ដល់ទីតាំងខារ៉ាអូខេដោយមិន។ ជាមួយនេះ យើងក៏មានសមិទ្ធផលផ្សេងៗទៀត ដែលរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់បាននិងកំពុងជួសជុល ស្តារ និងសាងសង់ជាបន្តបន្ទាប់បន្ថែមទៀត សំដៅលើកស្ទួយដល់ជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើង។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបន្តអនុវត្តកម្មវិធីជំនួយសង្គមតាមរយៈកម្មវិធីឧ​បត្ថម្ភសាច់ប្រាក់​ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ការលើកម្ពស់ជីវភាពរបស់មន្ត្រីរាជការ និវត្តន៍ជន និងអតីតយុទ្ធជន ការលើកកកម្ពស់ជីវភាព​របស់កម្មករនិយោជិតការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់សេវាសាធារណៈ ការមិនយកកម្រៃលើសេវាចុះបញ្ជីសំបុត្រកំណើត អាពាហ៍ពិពាហ៍ មរណភាព ការផ្តល់សៀវភៅស្នាក់​នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរជាដើម៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ