logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តក្រចេះ អញ្ជើញទទួលជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូ ទីក្រុងរីចាវ ខេត្តសានទុង នៃសាធារណៈរដ្ឋប្រជាមានិតចិន
4
05-December-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញទទួលជួប ប្រជុំពិភាក្សា ការងារ ជាមួយគណៈប្រតិភូ ទីក្រុងរីចាវ ខេត្តសានទុង នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំទីក្រុងរីចាវ និងប្រតិភូអមដំណើរទាំងអស់ដែលបានចំណាយពេល វេលាធ្វើ ដំណើរដ៏វែងឆ្ងាយអញ្ជើញមកខេត្តក្រចេះផ្ទាល់ដើម្បីពិភាក្សាការងារ និងទស្សនកិច្ចតំបន់សក្តានុពល សេដ្ឋកិច្ចសំខាន់ៗរបស់ខេត្តក្រចេះ ។

សូមស្វាគមន៍យ៉ាងកក់ក្តៅ និងត្រៀមខ្លួនជាស្រេចក្នុងការបង្កើត ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងគ្នាស្របតាមចំណងមិត្តភាពស៊ីជម្រៅ និងគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសទាំងពីរ។ ឯកឧត្តមបញ្ជាក់ទៀតថា បច្ចុប្បន្នមានក្រុមហ៊ុន សហគ្រាសជាច្រើនមកពី បណ្តាខេត្តនានានៃសាធារណៈរដ្ឋប្រជាមានិតចិនបានមកធ្វើការវិនិយោគ និងកំពុងបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជាលើគ្រប់វិស័យកាន់តែរឹងមាំថែមទៀត ។

ដោយប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ជូនប្រជាជនកម្ពុជាអស់រយៈពេល៤៤ឆ្នាំកន្លងមក និងបន្តដឹកនាំទៅរកមាគ៌ាសន្តិភាពជាបន្តក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៃរដ្ឋសភា នីតិកាលទី៧ បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើលើគ្រប់វិស័យ ជាពិសេសកំពុងបន្តប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម បន្តថា បច្ចុប្បន្នខេត្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួន ដូចខាងក្រោម៖ វិស័យកសិកម្ម៖ ខេត្តក្រចេះ មានក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មសរុបចំនួន៤៨ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគចិនចំនួន១០ក្រុមហ៊ុនវិនិយោគលើដំណាំកៅស៊ូ ម៉ៃសាក់ ប្រេងខ្យល់ អាកាស្យា ចេក និងដំឡូងមី រោងចក្រកែច្នៃផលិតផលកសិកម្មចំនួន៣កន្លែង៖ រោងចក្រផលិតស្ករសចំនួន១កន្លង និងរោងចក្រផលិតម្សៅដំឡូងមីចំនួន២កន្លែង។

វិស័យឧស្សាហកម្ម៖ ខេត្តមានរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសយូប៊ីអ៊ីឈ្នួល១កន្លែង វិនិយោគលើផ្ទដី ចំនួន៨១៧.៨០ហិកតា ទំហំទឹកប្រាក់វិនិយោគចំនួន២៧២.១២៥.៧៩៣ដុល្លារអាមេរិក លើគម្រោងវិនិយោគ ចំនួន៤៖ ១).រោងចក្រកែច្នៃកសិផលដំឡូងមី(ក្រុមហ៊ុនអង់គ្លេស) ២). រោងចក្រផលិតខ្សែភ្លើង និងខ្សែកាប (ក្រុមហ៊ុនចិន) ៣).រោងចក្រផលិតបន្ទះសូឡា (ក្រុមហ៊ុនខ្មែរ-ចិន) និង៤).រោងចក្រផលិតសំបកកង់រថយន្ត (ក្រុមហ៊ុនចិន)។ វិស័យរ៉ែ និងថាមពល៖ ខេត្តមានក្រុមហ៊ុន សហគ្រាស និងអាជីវករដែលធ្វើការរុករករ៉ែចំនួន ៦១ ក្រុមហ៊ុន ស្មើនឹង៦៥អាជ្ញាបណ្ណ មាន៖ ក្រុមហ៊ុនសិក្សាស្រាវជ្រាវលោហៈ៥ក្រុមហ៊ុន ក្រុមហ៊ុនអាជីវកម្ម រ៉ែមាស ១ក្រុមហ៊ុន ក្រុមហ៊ុនអាជីវកម្មថ្មក្រានីតអណ្តូងរ៉ែប៊ើក និងការដ្ឋានវាយថ្មមាន ២៥ក្រុមហ៊ុន។ ក្រុមហ៊ុន និងអាជីវករធ្វើអាជីវកម្មក្រួស ខ្សាច់ ថ្មសំណង់ចំនួន ៨ក្រុមហ៊ុន។

ក្រុមហ៊ុនអាជីវកម្មរ៉ែមាស១កន្លែង ស្ថិតនៅ ក្នុងស្រុកសំបូរ ខេត្តក្រចេះ វិនិយោគិនមកពីសាធារណរដ្ឋប្រជាមានិតចិន សម្រេចបានការចម្រាញ់មាស សុទ្ធចាប់ពីខែតុលា ឆ្នាំ២០២២ រហូតមកដល់ខែមេសា ឆ្នាំ២០២៣ បានចំនួន ៦៧,៥៣គីឡូក្រាម។ ខេត្តមានបណ្តាញអគ្គិសនីប្រើប្រាស់ និងកំពុងពង្រីកបណ្ដាញទៅគ្រប់ឃុំ-សង្កាត់ និងភូមិ គឺបានគ្រប ដណ្តប់ជាង ៨៤,៧៥% នៃ ៣២៧ភូមិ ដោយដំណើរការ ២៤ម៉ោង។ វិស័យពាណិជ្ជកម្ម៖ ខេត្តមានក្រុមហ៊ុនពាណិជ្ជកម្មចំនួន១២៧ក្រុមហ៊ុន សាខាក្រុមហ៊ុនចំនួន៣៨សាខា សហគ្រាសពាណិជ្ជកម្មចំនួន១២១សហគ្រាស និងអាជីវកម្ម សេវាកម្ម ពាណិជ្ជករមាន១.៩៩១មូលដ្ឋាន។

ខេត្តមានផ្សារធំៗរបស់រដ្ឋចំនួន៧កន្លែងផ្សារធំៗរបស់ឯកជនចំនួន២កន្លែងស្តាម៉ាតចំនួន ១០កន្លែង។ វិស័យទេសចរណ៍: ខេត្តមានតំបន់រមណីយដ្ឋានទេសចរណ៍ចំនួន២៦កន្លែង ក្នុងនោះរមណ៏យដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រចំនួន ៦កន្លែង រមណីយដ្ឋានវប្បធម៌ធម្មជាតិចំនួន១កន្លែង រមណីយដ្ឋានធម្មជាតិចំនួន ១៣កន្លែង រមណីយដ្ឋានកែច្នៃចំនួន ៦កន្លែង។ ជាពិសេស ខេត្តមានសក្តានុពលទេសចរណ៍ធម្មជាតិអន្លង់ ផ្សោតកាំពី ដែលមានសត្វផ្សោតទន្លេមេគង្គរស់នៅប្រមាណ៨០ក្បាល កំពុងស្រូបទាញភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិមកទស្សនាកំសាន្ត មានកំណើនជារៀងរាល់ឆ្នាំ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ